ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យឆេះអគារលំនៅឋាននៅទីក្រុងហុងកុង កើនឡើងដល់៤៤នាក់ និងរាប់រយនាក់បាត់ខ្លួន
នគរបាលក្រុងហុងកុងបាននិយាយនៅថ្ងៃព្រហស្បតិ៍ ២៧ វិច្ឆិកានេះ ថា ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យដែលបានឆាបឆេះអគារលំនៅឋាននៅទីក្រុងនេះបានកើនឡើងដល់ ៤៤ នាក់ ដោយមនុស្ស ៤៥ នាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្សរាប់រយនាក់នៅតែបាត់ខ្លួន ក្រោយហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅកាលពីថ្ងៃពុធសប្ដាហ៍នេះ ។
ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធ២៦វិច្ឆិកាសប្ដាហ៍នេះ ថា មនុស្សយ៉ាងហោចណាស់២៧៩ នាក់នៅតែបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យដ៏សាហាវបំផុតរបស់ទីក្រុងក្នុងរយៈពេលបីទសវត្សរ៍បានឆាបឆេះអគារលំនៅឋានខ្ពស់ៗស្រោបដោយរនាំងឫស្សីដែលអាចងាយឆេះបាន។ អគ្គិភ័យក្នុងប្លុកអគារខ្ពស់ៗ Hong Kong towers នៅតែមិនទាន់ត្រូវបានពន្លត់ទាំងស្រុងនៅឡើយទេមកដល់ថ្ងៃព្រហស្បតិ៍នេះ ។
នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)លោក John Lee បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អគ្គិភ័យនៅតំបន់ Wang Fuk Court ក្នុងសង្កាត់ Tai Po របស់ក្រុងហុងកុង ត្រូវបានគ្រប់គ្រងបានជាបណ្ដើរៗហើយ ក្រោយក្រុមអ្នកពន្លត់អគ្គិភ័យប្រឹងប្រែងជាឥតសម្រាក។
លោក Derek Armstrong Chan អនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា មនុស្ស ៤០នាក់បានស្លាប់នៅកន្លែងកើតហេតុ និង ៤ នាក់ផ្សេងទៀតបានស្លាប់ក្នុងមន្ទីរពេទ្យ។ លោកបានបន្ថែមថា សេវាពន្លត់អគ្គិភ័យកំពុងប្រឹងប្រែងទៅឲ្យដល់ជាន់ខាងលើនៃអគារចំនួនពីរ។
លោក Chung និយាយថានៅក្នុងម៉ោងងងឹត វានឹងបង្កគ្រោះថ្នាក់ និងការលំបាកបន្ថែមដល់ប្រតិបត្តិការរបស់ពួកលោក ហើយរហូតមកដល់ពេលនេះ សីតុណ្ហភាពក្ដៅនៅខាងក្នុងកន្លែងកើតហេតុអគ្គិភ័យនៅតែខ្ពស់ខ្លាំង។ ដូច្នេះពួកលោកមានការលំបាកក្នុងការបន្តទៅជាន់ខាងលើនៃអគារទាំងពីរ។ លោកថាមនុស្សបីនាក់ដែលមានអាយុចន្លោះពី ៥២ ទៅ ៦៨ ឆ្នាំត្រូវបានចាប់ខ្លួនក្នុងករណីសង្ស័យពីបទមនុស្សឃាត៕



