លោកកេតម៉ៅ ៖ តើអ្នកណានៅពីក្រោយឈ្មោះ ហ៊ូ សារ៉ាន ដែលប្តឹងអភិបាលស្រុកត្រាំកក់ទៅក្រសួងមហាផ្ទៃ ទាំងគ្មានមូលដ្ឋានច្បាស់លាស់?
ខេត្តតាកែវ ៖ ត្រឹមជាអ្នកលក់កង់ឡានឈ្មោះ ហ៊ូ សារ៉ាន ដឹងរឿងដូចជាច្បាស់ណាស់ ក្នុងកិច្ចការរដ្ឋបាលស្រុក រហូតដាក់លិខិតប្តឹងរាយការណ៍អភិបាលស្រុកត្រាំកក់ ទៅក្រសួងមហាផ្ទៃទាំងគ្មានមូលដ្ឋានច្បាស់លាស់!.. នេះបើយោងតាមប្រភពដែលសារព័ត៌មានទទួលបាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ។
យោងតាមលិខិតចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ពាក្យបណ្តឹងខាងលើបានចោទប្រកាន់លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ ព្រមទាំងបក្ខពួក ពាក់ព័ន្ធភាពមិនប្រក្រតីជាច្រើនករណីក្នុងការអនុវត្តតួនាទីរដ្ឋបាលក្នុងនោះ រួមមានការចោទប្រកាន់ថា លោក កេត ម៉ៅ និងបក្ខពួកបានឃុបឃឹតជាមួយបុគ្គលឯកជនម្នាក់ ដើម្បីលុបអូរដែលជាផ្លូវទឹកសាធារណៈរបស់រដ្ឋ មានទទឹងប្រវែងប្រមាណ ៦ម៉ែត្រ និងបណ្តោយប្រមាណ៥០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់។ ពាក្យបណ្តឹងក៏បានលើកឡើងថា ថ្នាក់ដឹកនាំស្រុកមិនបានទប់ស្កាត់ និងបង្ក្រាបការឃុបឃឹតគ្នារវាងមន្ត្រីឃុំ និងបុគ្គលឯកជន ក្នុងការក្លែងស្នាមមេដៃ បង្ខំឱ្យមេភូមិចុះហត្ថលេខា និងធ្វើការឈូសឆាយ ទន្ទ្រាន និងកាន់កាប់ដីបឹងខ្ពបត្របែកដោយខុសច្បាប់។
បន្ថែមពីនេះទៀតពាក្យបណ្ដឹងបានចោទប្រកាន់ថា លោក កេត ម៉ៅ បានអនុញ្ញាតឱ្យមានការសាងសង់របងបេតុងប្រវែងជាង ៣ពាន់ម៉ែត្រដែលបានរំលោភយកដីចំណីស្ទឹងស្លាគូរប្រវែង ១៤៨ម៉ែត្រ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។
នៅក្នុងករណីផ្សេងទៀត អំឡុងពេលលោក កេត ម៉ៅ ធ្វើជាអភិបាលស្រុកសំរោង ខេត្តតាកែវ ត្រូវបានចោទប្រកាន់ថា បានឃុបឃិត ទន្រ្ទានយកដីបឹងត្នោតទេរ ជាច្រើនកន្លែងនិងទទួលបានប្រាក់ច្រើនម៉ឺនដុល្លាអាមេរិក។ លើសពីនេះ លោក កេត ម៉ៅ ជាមួយប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកសំរោង ក្លែងបញ្ជីវត្តមាន និងតារាងបៀវត្ស ឱ្យមន្ត្រីម្នាក់ដែលមិនបានមកបំពេញការងារដោយសារបាត់បង់សមត្ថភាពការងារយូរឆ្នាំ។
ពាក្យបណ្ដឹង ក៏បានអះអាងទៀតថា បច្ចុប្បន្ននៅស្រុកត្រាំកក់ លោក កេត ម៉ៅ នៅតែបន្តឃុបឃិតក្លែងបន្លំហត្ថលេខាលើបញ្ជីវត្តមាន និងតារាងបៀវត្សបើកប្រាក់បៀវត្សមន្ត្រីឈ្មោះ អ៊ុត សំនិត ដែលបានចាកចេញទៅសហរដ្ឋអាមេរិកជិតមួយឆមាស (០៣-០៨/២៥) និងកំពុងបន្តទៀតនៅពេលបច្ចុប្បន្ន។
ក្រោយមានពាក្យបណ្តឹងនេះ រដ្ឋបាលស្រុកត្រាំកក់បានចេញសេចក្តីបំភ្លឺភ្លាមៗដោយច្រានចោលទាំងស្រុងរាល់ការចោទប្រកាន់ ថែមទាំងបានពោលថា មានអ្នកនៅពីក្រោយខ្នងទៀតផង ដែលចងឈ្នានីសគាត់៕






