សម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិក បដិសេធផ្ដល់ទីតាំងសម្រាប់សកម្មភាពយោធារបស់លោក Trump ប្រឆាំងអ៊ីរ៉ង់

សម្ព័ន្ធមិត្តឈូងសមុទ្រដែលនៅជិតបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានប្រកាសជាសាធារណៈថាពួកគេនឹងមិនអនុញ្ញាតឱ្យទឹកដី ឬដែនអាកាសរបស់ខ្លួន ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ឡើយ។
អ៊ីរ៉ង់បានព្រមានថាប្រទេសជិតខាងនឹងត្រូវបានចាត់ទុកជាគូសត្រូវ ប្រសិនបើទឹកដីរបស់ពួកគេត្រូវបានប្រើដើម្បីបើកការវាយប្រហារប្រឆាំងនឹងខ្លួន បន្ទាប់ពីការមកដល់នៃក្រុមនាវាផ្ទុកយន្តហោះអាមេរិកនៅក្នុងដែនទឹកមជ្ឈិមបូព៌ា។
ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman បានប្រាប់ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីយ៉ាន(Masoud Pezeshkian) ច្បាស់ៗក្នុងការសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ព្រះរាជាណាចក្រមួយនេះនឹងមិនអនុញ្ញាតឱ្យដែនអាកាស ឬទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឡើយ ក្រោយអារ៉ាប់រួម និយាយថាខ្លួននឹងមិនផ្តល់ការគាំទ្រផ្នែកភស្តុភារ ឬបម្រើជាទីលានសម្រាប់ «សកម្មភាពយោធាអរិភាព» ប្រឆាំងនឹងទីក្រុងតេអេរ៉ង់នោះទេ។
ការបដិសេធទាំងនេះធ្វើឱ្យស្មុគស្មាញដល់ផែនការយោធារបស់អាមេរិក ដោយសារប្រទេសទាំងពីរមានទ្រព្យសម្បត្តិយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក។ អារ៉ាប៊ីសាអ៊ូឌីតតែមួយមានកងទ័ពអាមេរិកជាង២.៣០០នាក់ និងមានភាពជាដៃគូសន្តិសុខយូរអង្វែងជាមួយទីក្រុងវ៉ាស៊ីនតោន។ អេមីរ៉ាតអារ៉ាប់រួម មានបុគ្គលិកយោធាអាមេរិកប្រហែល ៥.០០០នាក់ នៅមូលដ្ឋានទ័ពអាកាស Al Dhafra នៅខាងក្រៅទីក្រុង Abu Dhabi។
ក្រុមអ្នកវិភាគបកស្រាយវិធានការនេះថាជាការប៉ុនប៉ងដើម្បីជៀសវាងការត្រូវបានទាញចូលទៅក្នុងសង្គ្រាមកាន់តែរាលដាល និងដើម្បីគេចពីការសងសឹករបស់អ៊ីរ៉ង់៕

You might also like