ប្រទេសជប៉ុន និងប្រធានអាស៊ាន ប្រកាសបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី

ប្រទេសហ្វីលីពីនក្នុងតួនាទីជាប្រធានអាស៊ាន បានប្រកាសថា ខ្លួននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ ដើម្បីរក្សាបទឈប់បាញ់ គាំទ្រដល់ជនស៊ីវិល និងជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈប្រទេសជប៉ុនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា និងគាំទ្រក្រុមអ្នកសង្កេតការអាស៊ាន (AOT)។
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលដឹកនាំ អង្គទូតមកពីប្រទេសចំនួន ២១ និងភ្នាក់ងារអង្គការសហប្រជាជាតិ ចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានការណ៍រស់នៅរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ និងទីតាំងយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួសមកលើទឹកដីកម្ពុជា។
ក្នុងឱកាសនោះ លោកស្រី Flerida Ann Camille Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់អំពីសារសំខាន់របស់ប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានថា ហ្វីលីពីននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ដើម្បីរក្សាបទឈប់បាញ់រវាងកម្ពុជា និងថៃ និងគាំទ្រដល់ជនស៊ីវិល ជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរដ្ឋទូត បាន បន្ថែមថា ជាក់ស្ដែងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន ទៅកាន់តំបន់ព្រំដែននាពេលកន្លងទៅក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលធាតុចូលពីភាគីទាំងពីរ និងពង្រឹងលក្ខខណ្ឌនៃឯកសារយោងសម្រាប់ក្រុមអ្នកសង្កេតការអាស៊ាន (AOT) លើការសម្របសម្រួលដើម្បីដោះស្រាយបញ្ហាជម្លោះកម្ពុជា និងថៃផងដែរ។
ក្នុងដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពផ្ទាល់ករណីថៃឈ្លានពានចូលទឹកដីកម្ពុជា និងសួរសុខទុក្ខពលរដ្ឋភៀសសឹកនេះដែរ, លោក ម៉ាត្យឹដា ហ្ច៊ឹនសាគី (Matsuda Junsaku) ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានកោតសរសើរ និងគាំទ្ររដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជួយប្រជាពលរដ្ឋភៀសសឹកបានយ៉ាងល្អ ហើយលោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះជំនួយមនុស្សធម៌ដល់កម្ពុជា និងគាំទ្រក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ដោយឡែក ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបានដោយសារថៃឈ្លានពាន បានបង្ហាញក្តីសង្ឃឹមថា ប្រធានអាស៊ាន និងបណ្តាអង្គទូតទាំងអស់នោះនឹងអាចជួយជំរុញឱ្យប្រទេសទាំង កម្ពុជា-ថៃ ជាពិសេសភាគីថៃឱ្យងាកមករកដំណោះតាមយន្តការវាស់វែងខណ្ឌសីមាដោយសន្ដិវិធី ដើម្បី ពួកគាត់អាចត្រឡប់ទៅភូមិឋានវិញបាន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ជនភៀសសឹងមានចំនួន ៣ ៣០៤គ្រួសារ ដែលភាគច្រើនជាមនុស្សចាស និងកុមារ កំពុងរស់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ។ ជនភៀសសឹកទាំងនោះ គឺជាប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលតំបន់ត្រូវបានយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួយឃាំងមិនអាចឱ្យអ្នកភូមិចូលទៅលំនៅឋានបាន ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ខណៈក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន ៦៦.៦២៨ នាក់ទៀត (ស្រី្ត៣៥.០៩៩នាក់ និងកុមារ២១.៩៧១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។

You might also like