កម្ពុជា-អាម៉េរិក វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ Bridgette Walker បានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃជំនួបពិភាក្សាការងារ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានរំលឹកពីតួនាទីដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានចូលរួមសម្របសម្រួល រហូតសម្រចបាននូវកិច្ចព្រមព្រៀងសន្តិភាព (Peace Deal) នៅគូឡាឡាំពួ រវាងកម្ពុជា និងថៃ នៅឆ្នាំ២០២៥កន្លងមកនេះ។

ជាកិច្ចឆ្លើយតប លោកជំទាវ Bridgette Walker ភារធារីស្តីទីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ចំពោះការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ចំពោះការសន្ទនាដោយបើកចំហររបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងសហរដ្ឋអាម៉េរិក។

លោកជំទាវបានបន្តថា ថ្វីត្បិតកម្ពុជាបានជួបប្រទះបញ្ហាប្រឈមជាច្រើន តួយ៉ាងជម្លោះព្រំដែននាពេលថ្មីៗនេះ ក៏សហរដ្ឋអាម៉េរិកមានបំណងចង់ឃើញទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើន ទាំងវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងភាពជាដៃគូក្នុងកិច្ចពិភាក្សាអំពីបញ្ហាតំបន់។

បន្ថែមពីលើនេះ លោកជំទាវបានបន្តថា កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក លើកទី៤ ដែលនឹងប្រព្រឹត្តក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជួយបង្កើតឱ្យមានបរិយាកាសធុរកិច្ចដ៏ប្រសើរ និងការប្រកួតប្រជែងដោយស្មើភាពគ្នា (level playing field) ដែលនឹងទាក់ទាញវិនិយោគិនអាម៉េរិកបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា កម្ពុជាចង់បានវិនិយោគសហរដ្ឋអាម៉េរិកដែលមានគុណភាព និងចម្រុះបែប ដែលមានតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញវិស័យឧស្សាហកម្មនិងផលិតកម្មជាពិសេសជំរុញការចូលរួមរបស់ឧស្សាហកម្មកម្ពុជា ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់និងសកល។

ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការពិភាក្សាត្រង់ទៅត្រង់មកជាមួយវិនិយោគិន ដើម្បីស្វែងយល់អំពីតម្រូវការរបស់វិនិយោគិន និងឧបសគ្គរាំងស្ទះនានា រួមមាន បទប្បញ្ញត្តិ បរិយាកាសធុរកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញកម្លាំងពលកម្ម ជាដើម ។ល។ ដោយសង្កត់ធ្ងន់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាផ្នែកមួយនៃការកសាងភាពធន់របស់ប្រទេស។

You might also like