បុរសម្នាក់ស្រវឹងស្រា បើករថយន្តទៅបង់សំណាញ់ រកត្រីក្លែមស្រាប់តែធ្លាក់ចូលទឹកប្រឡាយ ស្ទើរលិចបាត់

ភ្ភ្នំពេញ៖ហេតុការណ៍មួយនេះបានកើតឡើងកាលពី យប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ នៅតាមប្រឡាយសាក់សំពៅ ស្ថិតនៅក្នុងភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសម្នាក់ក្រោយពីផឹកស្រវឹងស្រឿងៗ បានបើក រថយន្តម៉ាកវីស្តូ១គ្រឿងទៅបង់សំណាញ់ទាំងយប់ដើម្បីយកត្រីធ្វើម្ហូបក្លែម ហើយខណៈពេលទៅដល់បើករថយន្តថយក្រោយ ក៏ធ្លាក់ចូលទៅក្នុងប្រឡាយស្ទើរតែលិចបាត់ទៅក្នុងទឹកមើលមិនចង់ឃើញ ។ ប៉ុន្តែសំណាងល្អគាត់បានវាយបំបែកកញ្ចក់រថយន្តរួចលូនចេញដោយសុវត្ថិភាព បន្ទាប់មកហែលទឹកឡើងគោករួចក៏ទៅផ្ទះបាត់ ដោយទុករថយន្តចោលនៅក្នុងទឹកប្រឡាយនោះ រហូតដល់វេលារសៀលថ្ងៃបន្ទាប់ពុំទាន់ស្ទូចឬអូសចេញនៅឡើយ ។
ប្រជាពលរដ្ឋនិយាយថា រថយន្តខាងលើម៉ាកវីស្តូ ពណ៌ទុយោទឹក ផលិតនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែពុំដឹងថាពាក់ស្លាកលេខប៉ុន្មាននោះទេ ព្រោះវាបានលិចបាត់ទៅក្នុងទឹកស្ទើរតែទាំងស្រុងទៅហើយ ចំណែកបុរសដែលជាម្ចាស់រថយន្តនេះ ក៏មិនត្រូវបានស្គាល់ឈ្មោះនោះដែរ ។ បុរសនោះប្រាប់គេឯងថា នៅមុនពេលកើតហេតុគាត់បានផឹកស៊ីជុំគ្នាជាមួយមិត្តភក្ដិមួយចំនួន ហើយខណៈស្រវឹងស្រឿងៗ ក៏បើករថយន្តខាងលើទៅបង់សំណាញ់នៅចំណុចកើតហេតុ ដើម្បីយកត្រីទៅធ្វើម្ហូបក្លែម ។ លុះពេលទៅដល់ គាត់ក៏បានបើករថយន្តរ៉ឺយែថយក្រោយ ហើយក៏ស្រាប់តែរអិលធ្លាក់ចូលទៅក្នុងទឹកប្រឡាយបែបនេះតែម្តង ហើយភ្លាមៗនោះ គាត់ក៏វាយបំបែកកញ្ចក់រថយន្ត រួចលូនចេញឡើងគោកដោយសុវត្ថិភាព ។
ក្រោយលូនចេញ ពីក្នុងរថយន្តរួច បុរសម្ចាស់រថយន្តខាងលើនោះ ក៏បានចាកចេញពីកន្លែងកើតហេតុទៅផ្ទះបាត់ ដោយទុករថយន្តចោលនៅក្នុងទឹកប្រឡាយ ។ រហូតដល់វេលារសៀលថ្ងៃទី៩ ខែមិនា នៅពុំទាន់បានហៅរថយន្តស្ទូចទៅស្ទួចយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលឡើងវិញនៅឡើយ ។ ដោយពុំដឹងថាបុរសនោះខ្វះប្រាក់ដើម្បីជួលរថយន្តស្ទូចទៅស្ទូចយករថយន្តខ្លួនឡើងគោកដើម្បីយកទៅជួសជុល ឬក៏គាត់មិនទាន់ស្វាងស្រវឹង ក្រោកមិនរួចនោះទេ ។
ដោយឡែកអ្នកភូមិដែលមិនបានដឹងរឿងកាលពីយប់ ក្រោយពីបានប្រទះឃើញរថយន្តស្ថិតនៅក្នុងទឹកមើល ឃើញតែពីក្រោយបន្តិចបែបនេះ ក៏មានការភ្ញាក់ផ្អើលនាំគ្នាទៅចោមរោមមើល ។ ភ្លាមៗនោះក៏បានសង្ស័យថាមានអ្នកស្លាប់នៅក្នុងរថយន្តនោះទៀតផង ទើបពួកគាត់រាយការប្រាប់នគរបាលប៉ុស្តិ៍សាក់សំពៅឲ្យចុះទៅពិនិត្យមើល ហើយដោយសារតែពុំមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ នគរបាលក៏បានឲ្យម្ចាស់ស្ទូចយករថយន្តនោះទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕

You might also like