បង្រ្កាបឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់៖ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ព្រំ រើន អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចលើផ្លូវគ្រួសក្រហម ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៦ វេលាម៉ោង១៨ និង៥០នាទី។
លោកវរសេនីយ៍ឯក អ៑ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថាសមត្ថកិច្ច
បានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ទេស លីដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅបច្ចុប្បន្នភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ(មុខរបរមិនពិតប្រាកដ)និងដកហូតវត្ថុតាងនៅនិងខ្លួនរួមមាន:ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន៣កញ្ចប់ តូច២កញ្ចប់ ធំ១កញ្ចប់ថ្លឹងគិតជាសាច់ថ្នាំសុទ្ធ៤៩.៦០ក្រាម(សែសិបប្រាំបួនចុចហុកសិបក្រាម) ,កាបូបចំនួន១ ,ទូរសព្ទចំនួន ១គ្រឿង ,ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ និងបានធ្វើតេស្តស្វែងរកសារធាតុញៀនលទ្ធផល(+)វិជ្ជមាន។
សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើមកអធិការដ្ឋានដើម្បីសួរនាំ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនបានប្រើប្រាស់នូវថ្នាំញៀនម៉ាទឹកកករយៈពេល៥ឆ្នាំមកហើយតែខ្លួនប្រើប្រាស់ជក់ខានៗ រហូតដល់សព្វថ្ងៃនេះ។ ដោយឡែកថ្នាំញៀនដែលខ្លួនបានប្រើប្រាស់ផងនិងជួញដូរបន្តឱ្យទៅអ្នកប្រើប្រាស់ដែលខ្លួនស្គាល់គ្នា ហើយខ្លួនបានទំនាក់ទំនងទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនិងអាស័យដ្ឋានដោយមានការទំនាក់ទំនងគ្នាតាមទូរសព្ទលេខ បានចំនួន២លើក លើកទី១ចំនួន ២០០០០០៛(ម្ភៃម៉ឺនរៀល) និងលើកទី២ ចំនួន៤០០០០០៛(សែសិបម៉ឺនរៀល)ដោយជនខាងលើឲ្យខ្លួនទៅយកថ្នាំញៀននៅកន្លែងមិនទៀងទាត់ទេ ដោយគេជាអ្នករៀបចំទុកមុន រួចបានតេទូរសព្ទប្រាប់ខ្លួនថាថ្នាំខ្ញុំទុកត្រង់ចំណុចគោលដៅនេះ ហើយខ្លួនក៏ជិះម៉ូតូទៅយក ពេលបានថ្នាំញៀន បានខ្លួនវេរលុយឱ្យតាមក្រោយចំពោះថ្នាំញៀនខាងលើខ្លួនយកមករក្សាទុកជួញដូរនិងប្រើប្រាស់ខ្លួនឯងផង។ដោយជនសង្ស័យខាងលើពាក់ព័ន្ធមានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីប្រើប្រាស់រក្សាទុកជួញដូរសារធាតុញៀន ក្រោយពីការសួរនាំរួច សមត្ថកិច្ចបានស្នើសុំគោលការណ៍ទៅឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខ ទូរសព្ទ០៨៩ ៦១១ ៦១១ ចុះថ្ងៃទី៨ខែមីនាឆ្នាំ២០២៦ វេលាម៉ោង៧និង១៨នាទី ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន និងកសាងសំណុំរឿងតាមនីតិវិធី៕

You might also like