អ៊ុយក្រែន បញ្ជូនដ្រូនសម្រាប់ស្ទាក់យន្តហោះដ្រូន និងក្រុមជំនាញការផ្នែកដ្រូន ដើម្បីទៅការពារមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងប្រទេសហ៊្សកដានី

កៀវ៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានអាមេរិក The New York Times ចេញផ្សាយនាថ្ងៃចន្ទនេះ បានប្រាប់ថា អ៊ុយក្រែនបានបញ្ជូនដ្រូនសម្រាប់ស្ទាក់យន្តហោះដ្រូន និងក្រុមជំនាញការផ្នែកដ្រូន ដើម្បីទៅការពារមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ៊្សកដានី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦។
លោក ហ្សេលេនស្គី បាននិយាយថា អាមេរិកបានស្នើសុំឱ្យជួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយក្រុមការងារអ៊ុយក្រែន បានចាកចេញភ្លាមៗនៅថ្ងៃបន្ទាប់។
លោករំពឹងថា ក្រុមជំនាញការនោះនឹងទៅដល់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗ។ ទីក្រុងតេហេរ៉ង់ បានបាញ់យន្តហោះដ្រូនរាប់រយគ្រឿង លើគោលដៅអាមេរិកនៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងសម្បើមប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
អំឡុងសង្រ្គាមជាមួយរុស្ស៉ីជាច្រើនឆ្នាំមកនេះ អ៊ុយក្រែនបានអភិវឌ្ឍមធ្យោបាយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបាញ់ស្ទាក់យន្តហោះដ្រូនអត្តឃាតផលិតដោយអ៉ីរ៉ង់ Shahed ដែលទីក្រុងមូស្គូបានប្រើប្រាស់៕

You might also like