លោក Trump និយាយថាសង្គ្រាមអាចនឹងចប់ក្នុងពេលឆាប់ៗនេះ ខណៈអ៊ីរ៉ង់គាំទ្រមេដឹកនាំថ្មីប្រកាន់តឹង

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ៩មីនា ដើមសប្ដាហ៍នេះ បានព្យាករណ៍ថាសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងចប់ក្នុងពេលឆាប់ៗនេះ ទោះក្រុមប្រកាន់តឹងរបស់អ៊ីរ៉ង់បានបង្ហាញភក្ដីភាពចំពោះមេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei ជាសញ្ញាមួយដែលបង្ហាញថាប្រទេសនេះ មិនទាន់ត្រៀមខ្លួនដកថយក្នុងពេលឆាប់ៗនេះក៏ដោយ។

សញ្ញាផ្ទុយគ្នានេះបានរុញទីផ្សារសកលឱ្យរង្គោះរង្គើ ដោយតម្លៃប្រេងកើនឡើង និងទីផ្សារភាគហ៊ុនធ្លាក់ចុះយ៉ាងខ្លាំង មុនពេលប្រែប្រួលទៅទិសដៅផ្សេងទៀត បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Trump និងរបាយការណ៍អំពីការបន្ធូរបន្ថយទណ្ឌកម្មលើថាមពលរុស្ស៊ី។

លោក Mojtaba Khamenei វ័យ៥៦ឆ្នាំ ជាបព្វជិតនិកាយស៊ីអ៊ីត ដែលមានមូលដ្ឋានអំណាចក្នុងចំណោមកងកម្លាំងសន្តិសុខ និងអាណាចក្រធុរកិច្ចដ៏ធំរបស់ពួកគេ ត្រូវបានប្រកាសថាមិនអាចទទួលយកបានឡើយចំពោះសម្ដីរបស់លោក Trump ដែលបានទាមទារឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌនោះ។

លោក Trump បាននិយាយថាសង្គ្រាមនឹងបន្តរហូតដល់អ៊ីរ៉ង់ ចាញ់ទាំងស្រុង និងដាច់ខាត ប៉ុន្តែបានព្យាករណ៍ថាសង្គ្រាមនេះ នឹងចប់ក្នុងពេលឆាប់ៗនេះ។លោកបានប្រាប់សមាជិកសភាសាធារណរដ្ឋថា សង្គ្រាមនឹងត្រូវបញ្ចប់យ៉ាងឆាប់រហ័ស។ លោកថាពួកលោកបានឈ្នះរួចទៅហើយតាមវិធីជាច្រើន ប៉ុន្តែពួកលោកមិនទាន់ឈ្នះគ្រប់គ្រាន់នៅឡើយទេ។ទោះយ៉ាងណាក៏ដោយ លោក Trump ពុំបានកំណត់ច្បាស់ថាជ័យជម្នះក្នុងសង្គ្រាមនឹងទៅជាយ៉ាងណានោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបង្ហាញហ្វូងមនុស្សយ៉ាងច្រើននៅក្នុងទីក្រុងជាច្រើនដែលកំពុងប្រមូលផ្តុំគ្នាគាំទ្រមេដឹកនាំថ្មី ដោយគ្រវីទង់ជាតិអ៊ីរ៉ង់ និងកាន់រូបថតឪពុករបស់លោក គឺលោក Ali Khamenei ជាមេដឹកនាំកំពូលដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃ ២៨កុម្ភៈ២០២៦ ជាថ្ងៃដំបូងនៃសង្គ្រាម៕

You might also like