ផលិតកម្មប្រេងអ៉ីរ៉ាក់ធ្លាក់ចុះ ៧០ភាគរយ ព្រោះមិនអាចនាំចេញបានតាមច្រកសមុទ្រ Hormuz ដោយសារសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់
បាដាដ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ផលិតកម្មប្រេងអ៉ីរ៉ាក់ ក្នុងតំបន់ផលិតធំៗនៃភាគខាងត្បូងប្រទេស បានធ្លាក់ចុះ ៧០ភាគរយ មកត្រឹម ១.៣លានបារ៉ែលក្នុងមួយថ្ងៃ ពីព្រោះមិនអាចនាំចេញបានតាមច្រកសមុទ្រ Hormuz ដោយសារសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ កំពុងរាលដាលនៅមជ្ឈិមបូព៌ា។
មុនពេលសង្រ្គាម ផលិតកម្មប្រេងអ៉ីរ៉ាក់នៅតំបន់ភាគខាងត្បូង មានប្រហែល ៤.៣លានបារ៉ែលក្នុងមួយថ្ងៃ។ រីឯការនាំចេញពីតំបន់នោះ មានជាង ៣.៣៣លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែកុម្ភៈ។
យោងតាមប្រភពចំនួន ៣ ការនាំចេញរបស់ប្រទេសសមាជិកអង្គការ OPEC មួយនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយមានជាមធ្យមប្រហែល ៨០០ ០០០បារ៉ែលក្នុងមួយថ្ងៃ កាលពីថ្ងៃអាទិត្យ។ មានតែនាវា ២គ្រឿងប៉ុណ្ណោះ ចូលមកដឹកប្រេង ដោយសារមិនអាចឆ្លងកាត់ដោយសេរីពីច្រកសមុទ្រ Hormuz។
នាវាទាំងពីរគឺ Cospearl Lake និង Yuan Hua Hu ដែលផ្ទុកប្រេងឆៅបានប្រហែល ២លានបារ៉ែល ហើយដោយសារតែគ្មាននាវាថ្មីចូលមកទៀត លំហូរប្រេងពីស្ថានីយនាំចេញភាគខាងត្បូងអ៉ីរ៉ាក់ ត្រូវបញ្ឈប់នៅវេលាយប់ថ្ងៃដដែល។
ការធ្លាក់ចុះនៃផលិតកម្ម និងការនាំចេញប្រេង នឹងដាក់បន្ទុកថែមទៀតលើបញ្ហាហិរញ្ញវត្ថុ ដែលមានភាពផុយស្រួយរួចទៅហើយរបស់ប្រទេសនេះ។ អ៉ីរ៉ាក់ពឹងផ្អែកលើការលក់ប្រេងឆៅ សម្រាប់ការចំណាយសាធារណៈស្ទើរតែទាំងអស់ និងច្រើនជាង ៩០ភាគរយនៃប្រាក់ចំណូលរបស់ប្រទេស៕






