ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង បរិហារសមយុទ្ធរួមគ្នាអាមេរិក-កូរ៉េខាងត្បូងថានឹងបំផ្លាញស្ថិរភាពក្នុងតំបន់
(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បាននិយាយថាសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលបានចាប់ផ្ដើម ធ្វើឡើងនៅក្នុងសប្ដាហ៍នេះ គឺជាទង្វើបង្ករឿង និងជាការហាត់សមត្រៀមលក្ខណៈធ្វើសង្រ្គាមឈ្លានពានដែលនឹងបំផ្លាញដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ លោកស្រី គីម យ៉ូជុង បានគូសបញ្ជាក់ថាសមយុទ្ធប្រចាំឆ្នាំ Freedom Shield បានបង្ហាញពីគោលនយោបាយអរិភាពរបស់សម្ព័ន្ធមិត្តអាមេរិក និងកូរ៉េខាងត្បូងចំពោះកូរ៉េខាងជើង ហើយនឹងមានតែបំផ្លាញស្ថិរភាពក្នុងតំបន់តែប៉ុណ្ណោះ។
សហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយជាមួយកូរ៉េខាងត្បូង ដោយមានការចូលរួមពីកងទ័ពរាប់ម៉ឺននាក់កាលពីថ្ងៃចន្ទម្សិលមិញ ខណៈកំពុងធ្វើសង្រ្គាម ជាមួយអ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកងទ័ពកូរ៉េខាងត្បូង ១៨ ០០០នាក់នឹងចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិកមានឈ្មោះថា Freedom Shield ដែលនឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ ខែមីនា។ កងទ័ពអាមរិកប្រចាំកូរ៉េខាងត្បូងមិនបានបញ្ជាក់ថាតើមានកងទ័ពអាមេរិកប៉ុន្មាននាក់នឹងត្រូវចូលរួម នោះទេ។
សមយុទ្ធយោធាខាងលើកើតមានឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីលោក គីម ជុងអ៊ុនបាននិយាយនៅឯមហាសន្និបាតគណបក្សពលកររបស់កូរ៉េខាងជើងថាលោកនឹងផ្តោតជាសំខាន់ លើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ៕






