ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុក
ខេត្តកណ្ដាល៖ ក្រុមការងារអន្តរមន្ទីរ ដោយមានសមាសភាព មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល,មន្ទីររ៉ែ និងថាមពលខេត្ត និងសាខា ក.ប.ប.ខេត្ត បានចុះត្រួត ពិនិត្យស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយសម្រេចបានលទ្ធផលមានដូចខាងក្រោម៖
នៅថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ មុនកែប្រែតម្លៃប្រេងឥន្ធនៈ ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ៤៨ទីតាំង ក្នុងនោះមានដេប៉ូបិទចំនួន ៣២ ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង។ នៅថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២៦ ក្រោយកែប្រែតម្លៃប្រេងឥន្ធនៈថ្មី ក្រុម ការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ២៥០ ទីតាំង ក្នុងនោះមានដេប៉ូបិទចំនួន ២៦ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង និងកម្មង់ មកមិនទាន់បាន។
ស្ថានភាពសន្និធិស្តុកប្រេងឥន្ធនៈ រួមមាន៖
– សម្រាប់ស្ថានីយ (មាន១៣ទីតាំង)៖
សាំងនៅមានស្តុក ចន្លោះពី ១៥ ០០០លីត្រ ទៅ ២០ ០០០លីត្រម៉ាស៊ូតនៅមានស្តុក ចន្លោះពី ៨ ០០០លីត្រ ទៅ ១០ ០០០លីត្រ។
-សម្រាប់ដេប៉ូ (មាន១៣៧ទីតាំង)៖
សាំងនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៤ ០០០ លីត្រម៉ាស៊ូតនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៣ ០០០លីត្រ។
ក្រុមការងារបានណែនាំ និងផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងតារាង តម្លៃលក់ ដោយបញ្ជាក់ចំណុចសំខាន់ រួមមាន៖
អនុវត្តថ្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម និង មិនអនុញ្ញាតឱ្យបិទបណ្តោះអាសន្ន បើមានស្តុកប្រេងឥន្ធនៈ ព្រមទាំងមិនអនុញ្ញាតលក់ តាមប៊ីដុង៕






