២នាក់ប្តីប្រពន្ធ លួចបកជ័រកៅស៊ូ គេចាប់វ៉ៃ ប្តីប៉ោងមុខ ប្រពន្ធសន្លប់
ខេត្តត្បូងឃ្មុំ ៖ បុរសស្ត្រី ២នាក់ ជាប្តីប្រពន្ធ បានរងការចោទប្រកាន់ថា បានលួចបកជ័រកៅស៊ូនៅក្នុងចម្ការកៅស៊ូ ១កន្លែង លុះម្ចាស់ចម្ការ តាមទាន់ ក៏ព្រួតគ្នាវាយ បណ្តាលឱ្យបុរសជាប្តី រងរបួសបែកក្បាល ប៉ោងមុខ ខណៈស្ត្រីជាប្រពន្ធ សន្លប់ស្តូក។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិទួលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បុរសជាប្តី ដែលរងរបួសបែកមុខបែកមាត់ បាននិយាយថា ខ្លួនមិនធ្លាប់បានមកលួចបកជ័រកៅស៊ូនៅទីនេះទេ ទើបតែលើកនេះ គេបបួលមក ក៏មកតាមគេ លុះពេលម្ចាស់ចម្ការមកទាន់នោះ អ្នកឯទៀតដែលគេស្គាល់ផ្លូវ ស្គាល់ភូមិសាស្ត្រ គេរត់គេចបាត់អស់ នៅសល់តែរូបខ្លួននិងប្រពន្ធ មិនស្គាល់ផ្លូវ ក៏ត្រូវខាងម្ចាស់ចម្ការ ដែលមានគ្នាប្រមាណ២០នាក់ ចាប់វាយរហូតរបួសធ្ងន់ និងប្រពន្ធសន្លប់តែម្តង។
ជនសង្ស័យ បានបន្តថា ក្រោយពេលគេចាប់បាន ខ្លួននិងប្រពន្ធត្រូវបានគេចាប់ដាក់ម៉ូតូ ដឹកមកផ្ទះប្រធានភូមិ ហើយក៏ត្រូវគេវាយបន្ថែមទៀត។ ជនសង្ស័យ ឲ្យដឹងបន្តទៀតថា ខ្លួនលួចបកជ័រកៅស៊ូ បានតែប្រមាណ ៥គីឡូប៉ុណ្ណោះ ។
ក្រោយកើតមានករណីនេះ ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានសំណូមពរដល់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយស្រាវជ្រាវករណីនេះផង តើការពិតយ៉ាងណា? បើពួកគាត់ទាំង២នាក់ ពិតជាលួចមែន ក៏មិនត្រូវព្រួតចាប់វាយបែបនេះឡើយ ព្រោះប្រទេសមានច្បាប់ ពលរដ្ឋជាម្ចាស់ចម្ការ គួរប្តឹងមកសមត្ថកិច្ច ឱ្យចាត់វិធានការច្បាប់ មិនត្រូវប្រើហិង្សាបែបនេះទេ ។
គួរបញ្ជាក់ថា បើទោះមិនទាន់បញ្ជាក់អំពីសមត្ថកិច្ចក្នុងករណីនេះក៏ដោយ ក៏ខាងកម្លាំងកងរាជអាវុធហត្ថស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កំពុងធ្វើការស្រាវជ្រាវជុំវិញករណីនេះទៅតាមនីតិវិធីច្បាប់ ៕






