ជនខិលខូចលួចឈូសឆាយដីព្រៃនៅឧទ្យានតេជោឫស្សីត្រឹប ហើយលើកគ្នារំដោះយកត្រាក់ទ័រ ដែលរឹបអូសទៀត, អាជ្ញាធរគួរចាត់វិធានការឱ្យបានតឹងរឹង ដើម្បីទប់ស្កាត់សកម្មភាពទន្ទ្រានយកដីព្រៃដោយខុសច្បាប់

(ព្រះវិហារ)៖ សកម្មភាពឈូសឆាយទន្ទ្រានយកដីព្រៃ និងការកាប់បំផ្លាញព្រៃឈើក្នុងខេត្តព្រះវិហារ ហាក់កក្រើកខ្លាំងក្នុងគ្រាដែលអាជ្ញាធរជាប់រវល់ជាមួយជម្លោះទល់ដែន។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ការឈូសឆាយដីព្រៃមួយករណីទៀត ត្រូវបានប្រទះឃើញនៅលើដីឧទ្យានជាតិតេជោសែនឫស្សីត្រឹបស្ថិតនៅឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
របាយការណ៍បានបញ្ជាក់ថា នៅ ព្រឹក ថ្ងៃ ទី ២៦ ខែ មេសា ឆ្នាំ ២០២៦នេះ ក្រុម ការងារ ល្បាត ព្រៃ ឧទ្យាន ដឹក នាំ ដោយ លោកបណ្ឌិត សភា ចារ្យ សុខ ទូច បាន ដេីរ ល្បាត ព្រៃ ហេីយ នៅ ម៉ោង ១២៖១៥នាទី បាន ប្រទះ ឃើញ ត្រាក់ទ័រ ១គ្រឿង កំពុង តែ ឈូស ឆាយ រាន ដី ព្រៃ លេី ផ្ទៃ ដី ទំហំ ១ហិកតា ក្នុងឧទ្យានជាតិតេជោសែនឬស្សីត្រឹប។
បន្ទាប់ពីសកម្មភាពឈូសឆាយបែបនេះ ក្រុមការងារឧទ្យានឃាត់ខ្លួនម្ចាស់ត្រាក់ទ័រ រួមនឹងត្រាក់ទ័រផងដែរ។ ម្ចាស់តហរាក់ទ័រមានឈ្មោះ រ៉ុន រាន រស់ នៅ ភូមិ ដងផ្លិត ឃុំ ឆែប ពីរ ស្រុក ឆែប ខេត្ត ព្រះ វិហារ ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងរឹបអូសត្រាក់ទ័រហើយនោះ នៅវេលាម៉ោងជាង១រសៀល មានប្រជាជនជាង១០០នាក់ លើកគ្នាទៅរំដោះវត្ថុតាង និងជនសង្ស័យចេញពីស្នាក់ការឧទ្យានជាតិតេជោឫស្សីត្រឹបទៅបាត់។
ការឈូសឆាយដីព្រៃការពារជាទង្វើខុសទៅនឹងច្បាប់ស្តីពីក្រមបរិស្ថាន និងធនធានធម្មជាតិ។ រឹតតែខុសធ្ងន់ធ្ងរទៀតនោះ គឺការលើកគ្នាទៅរំដោះជនល្មើស និងវត្ថុតាងប្រព្រឹត្តល្មើស ហើយនេះក៏ជាភាពអនាធិបតេយ្យក្នុងសង្គមដែលមានច្បាប់ផងដែរ។
អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដែលជាគណៈបញ្ជាការឯកភាពខេត្ត មិនគួរទុកឱ្យបទល្មើសបែបនេះកើតលើទឹកដីរបស់ខ្លួនដោយគ្មានចំណាត់ការនោះទេ។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលសម្បូរដោយជីវៈចម្រុះជាច្រើននៅទីនោះ និងសម្បូរដោយដើមឈើច្រើនប្រភេទ សុទ្ធសឹងតែជាប្រភេទដើមឈើកម្រ និងជិតផុតពូជ។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃក្រឡា ១១៤៣៥ហិកតា មានទីតាំងស្ថិតនៅឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងបទប្បញ្ញត្តិទូទៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ជាឧទ្យានជាតិផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ក្នុងគោលបំណងធានានិរន្តរភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្តែង។
ឧទ្យាននេះ មានធនធានជីវៈចម្រុះជាច្រើនដែលបម្រើជាប្រយោជន៍ដល់ពលរដ្ឋនៅទីនោះ និងអាចទាក់ទាញភ្ញៀវទេសចរបានទៀតផង។ ការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាឆ្នាំ២០១៨ បានបង្ហាញថា បានសិក្សាស្រាវជ្រាវ និងរុករកឃើញស្ថានីយបុរាណ និងវត្ថុបុរាណនៅឧទ្យាននោះ មានដូចជា ទួលសន្លុង (ទួលឡស្លដែក) ចំនួន៥៤ ត្រពាំងសន្លុងចំនួន២៩ ត្រពាំងបុរាណចំនួន៦៦ និងបុរាណវត្ថុមួយចំនួនទៀត។
ក្រៅពីនេះ ក៏មានធនធានមរតកធម្មជាតិ ដែលគ្របដណ្តបទាំងក្នុងព្រៃស្រោង និងព្រៃរបោះ មានដើមឈើធំៗដូចជា ដើមស្រឡៅ ត្រាច បេង ផ្ចឹក កកោះ ធ្នង់ នាងនួនជាដើម ហើយមានប្រភេទឈើដូចជា ដើមរកា ខ្វាវ ត្រសេក ដើមជ្រៃ ដើមច្រេះ ដើមធ្លក ដើមចំបក់ ដើមខ្ទុំ ដើមក្រឡាញ់ ដើមពពេល ដើមស្តៅ ដើមព្រីង និងមានដើមឈើជាច្រើនទៀត។ នៅឧទ្យាននេះ ក៏សម្បូរដោយដើមឫស្សីជាច្រើនប្រភេទដូចគ្នា។
ដើម្បីបង្កើនគម្របព្រៃឈើនៅឧទ្យាននេះ កាលពីឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ បានអញ្ជើញដាំដើមឈើនៅឧទ្យាននេះផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោក សុខ ទូច បានប្រឹងដាំកូនឈើបន្ថែម និងប្រឹងទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើធម្មជាតិ។ លោក សុខ ទូច ក៏បានរៃអង្គាសថវិកាជីកប្រឡាយព័ទ្ធជុំវិញដីការពារភ្លើងឆេះព្រៃផងដែរ។
នៅឧទ្យាននេះ ក៏មានការចិញ្ចឹមគោយកទឹកដោះ ចិញ្ចឹមក្របី និងសត្វផ្សេងៗជាច្រើនទៀត។ តាមរយៈសកម្មភាពទាំងនេះ បានផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នោះ។ តែទោះមានការប្រឹងប្រែងយ៉ាងណាក្តី ការកាប់បំផ្លាញព្រៃឈើ ការឈូសឆាយទន្ទ្រានយកដីព្រៃរបស់ឧទ្យាននៅតែជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន៕

You might also like