អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ និងមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងរបស់ភាគីថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយ គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងគោរពគោលការណ៍ច្បាប់អន្តរជាតិ ហើយមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងរបស់ភាគីថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា ជាក់ស្ដែង សកម្មភាពការទូត ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា កំពុងធ្វើទាំងក្នុង និងក្រៅប្រទេសយ៉ាងសកម្ម និងឥតឈប់ឈរឡើយដោយប្រកាន់ខ្ជាប់ជានិច្ចតាមគោលការណ៍ថា ការការពារបូរណភាពទឹកដី និងប្រជាជនគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែង នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការពារជាតិបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅតំបន់អូរភ្លុកដំរី និងច្រកជ័យជំនៈ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបន្តកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់រាយលួសបន្លានិងទូរកុងតឺន័រ។
បន្ទាប់មក ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាក៏បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពស្ពានស្ទឹងមេទឹក ក្នុងខេត្តពោធិ៍សាត់។ ស្ពាននេះបានរងការវាយប្រហារដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសរបស់ថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន។ ស្ពានមេទឹកគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយ គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជំហររបស់ខ្លួនម្ដងហើយម្ដងទៀតយ៉ាងច្បាស់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕

You might also like