សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅរសៀលថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៩ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំ សម្តេចកិត្តិសង្គហបណ្ឌិត ប្រធាន ក.ជ.ប.ព. បានវាយតម្លៃខ្ពស់ដល់ស្មារតីរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំ២០២៦ នេះ។ រីឯសភាពការណ៍ក្នុងប្រទេសវិញ សម្តេចប្រធាន ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការរៀបចំនគរសង្ក្រាន ការផ្សារភ្ជាប់សមរភូមិក្រោយនិងសមរភូមិមុខ និងសុខទុក្ខរបស់ជនភៀសសឹក។ សម្តេចប្រធាន ឱ្យដឹងទៀតថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា កំពុងបន្តនីតិវិធី ហើយនឹងអាចអនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះ។

បន្ទាប់មក ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញរបាយការណ៍ នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ បានដំណើរការពិនិត្យ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៤៣ ពាក្យប្ដឹង និងបញ្ជូនសំណុំរឿងចំនួន ២ករណី មានជនសង្ស័យចំនួន ៦រូប ទៅសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយដោយមានការចូលរួមពីសាធារណៈជន និង ប្រតិបត្តិការ។

 

You might also like