សាលារៀន និងមន្ទីរពេទ្យបង្អែកក្នុងស្រុកបន្ទាយស្រី និងស្វាយលើ ទទួលបានគាំពារផ្នែកទឹកស្អាត សម្រាប់សិស្ស និងអ្នកជំងឺប្រើប្រាស់បរិភោគ

សៀមរាប៖ សាលារៀនចំនួន ២កន្លែង និងមន្ទីរពេទ្យបង្អែកចំនួន ៣កន្លែង ស្ថិតក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប ទទួលបានប្រព័ន្ធចម្រាញ់ទឹកស្អាតស្វ័យប្រវត្តិ ប្រកបដោយសុវត្ថិភាពខ្ពស់ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមទាំងអ្នកជំងឺ និងគ្រូពេទ្យ បានបរិភោគប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាកាត់បន្ថយ នូវការចំណាយលើទឹកស្អាត ។
ការទទួលបាននូវប្រព័ន្ធចម្រាញ់ទឹកស្អាតស្វ័យប្រវត្តិនេះ ដែលផ្ដល់ជូនដោយអង្គការ “ទឹកដើម្បីកម្ពុជា (Water for Cambodia)” ដែលគាំទ្រថវិកាដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា (Etiqa Life Insurance (Cambodia) Plc.) ។
សម្រាប់កិច្ចការងារគាំពារវិស័យទឹកស្អាត នៅតាមទីជនបទនេះ ក្រុមហ៊ុនបានផ្តល់ជំនួយថវិកាចំនួន ២ម៉ឺនដុល្លារ ដល់អង្គការ “ទឹកដើម្បីកម្ពុជា” ក្នុងការរៀបចំប្រព័ន្ធចម្រាញ់ទឹកស្អាតស្វ័យប្រវត្តិ ការបណ្តុះបណ្តាលលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបុគ្គលិកនៅតាមមន្ទីរពេទ្យបង្អែក ឲ្យមានការយល់ដឹង អំពីការថែទាំប្រព័ន្ធចម្រាញ់ ទឹកស្អាត និងយល់ដឹងអំពីសុខភាព និងអនាម័យ ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ជឿជាក់យ៉ាងមុតមាំថា “សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់ជីវិត” ហើយការទទួលបានទឹកស្អាត ដែលប្រកបដោយសុវត្ថិភាព គឺជាកត្តាចម្បងបំផុតក្នុងការទ្រទ្រង់សុខភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការចាំបាច់បំផុត ដូចជាខេត្តសៀមរាបនេះជាដើម ។
តាមរយៈកិច្ចសហការជាមួយអង្គការ ទឹកដើម្បីកម្ពុជា ក្រុមហ៊ុនមិនត្រឹមតែផ្តល់ជំនួយជាថវិកាប៉ុណ្ណោះទេ ហើយក៏រួមចំណែកយ៉ាងសកម្ម ក្នុងការបង្ការជំងឺតម្កាត់នានា ដែលបង្កឡើងដោយការបរិភោគ និងប្រើប្រាស់ទឹកមិនស្អាត រួមទាំងរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឲ្យមានសុខភាពល្អ និងជួយឲ្យពួកគាត់ អាចប្រកបការងារប្រចាំថ្ងៃកាន់តែប្រសើរឡើងបន្ថែមទៀត ។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២២ 2022 រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនអេទីកា បានសហការជាមួយអង្គការ វ័តធឺអេត (WaterAid) ក្នុងការតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋក្រីក្រ មានចំនួន ៩ ៨៩៦នាក់ ដែលស្ថិតនៅជាច្រើនឃុំ និងស្រុក នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយចំណាយថវិកាសរុបអស់ចំនួន ១៣៥ ០០០ដុល្លារអាមេរិក សម្រាប់ជំនួយក្នុងការតភ្ជាប់បណ្តាញទឹកស្អាតជូនសហគមន៍នេះ ។ ជាមួយនឹងការប្ដេជ្ញាចិត្តបន្តបេសកម្មរបស់ខ្លួន ក្នុងការរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជននៅតាមសហគមន៍ និងលើកកម្ពស់វិស័យអប់រំរបស់សិស្សានុសិស្សនៅតាមបណ្តាខេត្តនានា នាពេលខាងមុខ ៕

You might also like