បង្ក្រាបទីតាំង KTV មួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស ៥៣នាក់ ពាក់ព័ន្ធសង្ស័យជួញដូរមនុស្ស និងអនីតិជន

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែង ដែលមានយីហោ «ភោជនីយដ្ឋាន មហាមេឃ» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន ៥៣នាក់ ក្នុងនោះមាននារី ៣៩នាក់ និងបុរស ១៤នាក់ ពាក់ព័ន្ធសង្ស័យករណីជួញដូរមនុស្ស និងអនីតិជន។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបាននាំខ្លួននារីទាំងអស់ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីតាមផ្លូវច្បាប់។
សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាពាក់ព័ន្ធ និងស្វែងរកអ្នកនៅពីក្រោយសកម្មភាពខុសច្បាប់នេះ។

You might also like