ក្រោយលោក ត្រាំ គំរាមដំឡើងពន្ធឡើងវិញ EU បើការពិភាក្សាដើម្បីដោះស្រាយ ប៉ុន្តែមិនទាន់ឈានដល់ចំណុចរួម

(ព្រុចសែល)៖ ប្រធានក្រុមអ្នកចរចានៃសភាអឺរ៉ុប លោក Bernd Lange បាននិយាយថា ក្រុមអ្នកតាក់តែងច្បាប់ និងរដ្ឋាភិបាលនៃប្រទេសសហភាពអឺរ៉ុប (EU) សម្រេចបានវឌ្ឍនភាពល្អក្នុងការពិភាក្សាគ្នា ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀង ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកបោះបង់ចោលការប្រកាសដំឡើងពន្ធគយនៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦។

អ្នកតាក់តែងច្បាប់ និងរដ្ឋាភិបាល មានបំណងសម្រេចឱ្យបាននូវការឯកភាពគ្នាមួយ ចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធជាថ្មីលើការយកពន្ធនាំចូល ប៉ុន្តែនៅខ្វែងគំនិតជុំវិញយន្តការការពារ។ លោក Lange គូសបញ្ជាក់ថា «យើងទើបបូកសរុបកិច្ចពិភាក្សាត្រីភាគីលើកទីពីរ ដែលមានលក្ខណៈស្ថាបនា ក្នុងនោះយើងសម្រេចបានវឌ្ឍនភាពល្អ ពាក់ព័ន្ធយន្តការការពារ ការពិនិត្យ និងវាយតម្លៃលើបទប្បញ្ញត្តិសំខាន់ៗ ប៉ុន្តែក៏នៅសល់បញ្ហាខ្លះត្រូវដោះស្រាយ»។ ក្រុមអ្នកចរចានឹងជួបគ្នាម្តងទៀត នៅថ្ងៃទី១៩ ខែឧសភា ខាងមុខ។

លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងបង្កើនពន្ធលើរថយន្តធុនតូច និងរថយន្តដឹកទំនិញ នាំចូលពី EU ដែលពីមុនមានត្រឹម ១៥ភាគរយ ឱ្យដល់ ២៥ភាគរយក្នុងសប្តាហ៍នេះ ដោយសារតែ EU មិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម កាលពីខែកក្កដា ឆ្នាំមុន៕

You might also like