ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»

ខេត្តមណ្ឌលគិរី : នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្ត នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។

ពិធីនេះបានរៀបចំឡើងស្របតាមគោលនយោបាយជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ លក្ខខណ្ឌការងារ សុខុមាលភាព និងជីវភាពរស់នៅរបស់កម្មករ និយោជិត ឲ្យកាន់តែប្រសើរឡើង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងក្រុមហ៊ុន សហគ្រាស បងប្អូនកម្មករ និយោជិត ប្រជាពលរដ្ឋ បងប្អូនជនជាតិដើមភាគតិច និងបងប្អូនជនជាតិភាគតិច ក្រុមការងារយុវជន និងប្អូនៗក្មួយៗសិស្សានុសិស្សសរុបជាង ៥០០ នាក់ ដោយពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ «សន្តិភាព» រដ្ឋបាលខេត្តមណ្ឌលគិរី ហើយអ្នកចូលរួមទទួលបានអាវ និងក្រម៉ា គ្រប់ៗគ្នា ដោយសេចក្តីគោរព ៕

You might also like