រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Jean-Sebastien CASES នាយកទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ដឹកនាំគណៈប្រតិភូ ដើម្បីចូលជួបពិភាក្សាការងារស្ដីពីការធ្វើទំនើបកម្មនៃប្រព័ន្ធព័ត៌មានឧតុនិយមរបស់កម្ពុជា នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនេះ តំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) បានធ្វើបទបង្ហាញជម្រាបជូនអំពី៖
១. ការរកឃើញពាក់ព័ន្ធនឹងការងារបច្ចេកទេសចុងក្រោយបំផុត និងការវាយតម្លៃប្រព័ន្ធ
២. ការណែនាំចំពោះការធ្វើទំនើបកម្ម និងដំណោះស្រាយដែលធ្វើឱ្យប្រសើរឡើងសម្រាប់ប្រព័ន្ធព្យាករណ៍ និងប្រព័ន្ធព្រមានទុកជាមុនដែលមានស្រាប់
៣. ប្រព័ន្ធប្រមូលទិន្នន័យ និងទូរគមនាគមន៍កម្រិតខ្ពស់ ស្របតាមស្តង់ដារចុងក្រោយបំផុតរបស់អង្គការឧតុនិយមពិភពលោក (WMO)
៤. កម្មវិធីកសាងសមត្ថភាពសម្រាប់មន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម
៥. ពេលវេលាអនុវត្ត និងគម្រោងថវិកា។
សូមជម្រាបថា ទីភ្នាក់ងារឧតុនិយមអន្តរជាតិរបស់ប្រទេសបារាំង (MFI) ដែលមានទីស្នាក់កណ្តាលនៅទីក្រុងទូលូ (Toulouse) ប្រទេសបារាំង គឺជាដៃគូបច្ចេកទេសយូរអង្វែងដែលគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសនាយកដ្ឋានឧតុនិយម ពាក់ព័ន្ធនឹងប្រព័ន្ធព័ត៌មានឧតុនិយមរបស់កម្ពុជា ទាំងផ្នែករឹងនិងផ្នែកទន់៕

You might also like