ផឹកស៊ីទាស់សម្ដីគ្នា ជនរងគ្រោះយកដំបងវាយក្បាល បណ្ដាលឲ្យជនសង្ស័យខឹងស្ទុះទៅទាញប៉័ងតោអារ.ក សងសឹកវិញរងរបួសធ្ងន់
ខេត្តកណ្ដាល៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងឲ្យដឹងនៅថ្ងៃទី២០ ខែឧសភានេះថា ករណីហិង្សាក្នុងវង់ផឹកស៊ីមួយបានកើតឡើង បណ្ដាល ឲ្យបុរសម្នាក់រងរបួសធ្ងន់ និងជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ីបានឈានដល់អំពើហិង្សា ដោយបុរសម្នាក់បានយកដំបងទៅវាយក្បាលដៃគូផឹកស៊ី បណ្ដាលឲ្យភាគីម្ខាងទៀតខឹងច្រឡោតទាញកាំបិតប៉័ងតោអារ.កសងសឹកវិញបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះទៅដល់ ទីតាំង និងឃាត់ខ្លួនជនបង្កភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១៧និង៤៥នាទី ថ្ងៃទី១៧ ឧសភា ២០២៦ ស្ថិតនៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឈឿង ឆន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ និងគ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោមឡើយ។
ចំណែកជនរងគ្រោះមានឈ្មោះ ស៊ ស៊ីម ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ។ អ្នកទាំង២នាក់មានទីលំនៅភូមិក្រាំងឈើនាង ឃុំត្បែងស្រុកកណ្ដាលស្ទឹង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងកាំបិតប៉័ងតោផ្លែដែកដងដែកស្រោបស្ពាន់ប្រវែង៣៤ សង់ទីម៉ែត្រ ដែលមានប្រឡាក់ឈាមចំនួន១។
ប្រភពសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុនៅម៉ោង១១ព្រឹក ជនសង្ស័យបានទៅអង្គុយផឹកស្រាបៀរនៅផ្ទះអ្នកភូមិម្នាក់ រហូតដល់ម៉ោង១រសៀល ទើបដើរត្រឡប់មកផ្ទះវិញ។ ពេលដើរមកដល់ផ្ទះ ក៏មានអ្នកភូមិម្នាក់ឈ្មោះ ដាន បានហៅជនសង្ស័យឲ្យចូលរួមវង់ផឹកស៊ី និងអាំងសាច់ក្លែមនៅក្បែរនោះ។ លុះដល់ម៉ោង ១៧ល្ងាច ជនរងគ្រោះបានដើរកាត់តាមផ្លូវ ហើយឈ្មោះ ដាន ក៏បានហៅជនរងគ្រោះឲ្យចូលរួមផឹកស៊ីជាមួយគ្នាដែរ។ ពេលកំពុងផឹកស៊ី ជនសង្ស័យនិយាយលេងសើចថា «បង! ខ្ញុំបានឃើញម្នាក់ស្រីនោះស្អាតណាស់»។ បន្ទាប់មក ជនរងគ្រោះបាននិយាយតបវិញថា «មាត់ហ្នឹងចឹង អាណា យកហ្អែង» ធ្វើឲ្យជនសង្ស័យតបវិញថា «បងមិនបាច់និយាយច្រើនទេ ផឹកទៅ»។
ប្រភពដដែលបានបញ្ជាក់ថា ពេលនោះជនរងគ្រោះបានងើបដើរចេញពីតុ រួចទៅយកដំបងមកវាយក្បាលជន សង្ស័យពីក្រោយ១ដំបងបណ្ដាលឲ្យបែកហូរឈាម។ ភ្លាមនោះ ជនសង្ស័យបានខឹងយ៉ាងខ្លាំង និងស្រែកគំរាមថា «អញយកកាំបិតអារ.កហ្អែង» រួចក៏រត់ទៅយកកាំបិតប៉័ងតោមកអារ.កជនរងគ្រោះ១កាំបិត បណ្ដាល ឲ្យរយះ និងហូរឈាមយ៉ាងសន្ធឹកសន្ធាប់ ទើបអ្នករួមវង់ផឹកស៊ីស្ទុះចូលជួយឃាត់។ ក្រោយមក ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិតប៉័ងតោអារ.កជនរងគ្រោះមែន ដោយសារខឹងជនរងគ្រោះយកដំបងមកវាយក្បាលខ្លួនមុន។ កន្លងមកអ្នកទាំងពីរមិនដែលមានគំនុំអ្វីនឹងគ្នាឡើយ។
ជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕






