លោក ឃួង ស្រេង ៖ ប្រជាជនកម្ពុជា គ្រប់រូបនៅតែចងចាំមិនភ្លេចចំពោះសោដនាកម្មពួកឃាដករអាវខ្មៅ៣ឆ្នាំ៨ ខែនិង ២០ថ្ងៃ បើទោះបីស្រមោលអន្ទកាលនេះបានកន្លងផុតទៅជាង៤៧ឆ្នាំហើយក្តី

ភ្នំពេញ៖ ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេចចំពោះសោដនាកម្មពួកឃាដករអាវខ្មៅ៣ឆ្នាំ៨ខែនិង ២០ថ្ងៃ បើទោះបីស្រមោលអន្ទកាលនេះបានកន្លងផុតទៅជាង៤៧ឆ្នាំហើយក្តី។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងពិធី ប្រារព្ធខួបលើកទី៩នៃទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយបាននិមន្តព្រះសង្ឃចំនួន៨៨អង្គ បង្សុកូលរាប់ បាត្រនៅ មជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ដើម្បីឧទិ្ទសកុសលជូនវិញ្ញាណខន្ធ័ជនរងគ្រោះស្លូតត្រង់ជាង៣លាននាក់ដែលត្រូវបានពួកប៉ុល ពត កាប់សម្លាប់យ៉ាងរង្គៀល រហូតធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគំនរឆ្អឹង ស្ទឹងទឹកភ្នែក បន្សល់ទុក ស្រ្តីមេម៉ាយ,ក្មេងកំព្រា និងហេដ្ឋារចនាសម្ពន្ធ័ជាតិទាំងមូលត្រូវបានបំផ្លាញដល់ក្រោមសូន្យ ។ ពិធីនេះក៏មានការចូលរួមពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញផងដែរ ។
ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបលើកទី៩ ទិវាជាតិ នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេចចំពោះសោដនាកម្មរបស់ពួកឃាដករ អាវខ្មៅរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះឡើយ ទោះបីស្រមោលអន្ទកាលនេះបានកន្លងផុតទៅជាង៤៧ឆ្នាំទៅហើយក្តី។ ក្នុងសារលិខិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឧិកាសខួបលើកទី៩នៃទិវាជាតិនៃការចងចាំនៅថ្ងៃទី២០ឧសភាឆ្នាំ២០២៦ ដែលអានដោយឯកឧត្ដមឃួង ស្រេង បានឱ្យដឹងថា៖ ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ។ រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជា រៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវា ចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បាន កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។ ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះកើតមាន ឡើងសាជាថ្មី។ ដូច្នេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យ កាន់តែរីកចម្រើន។
លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍លើកឡើងថា តាមរយៈ គោលនយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដែលជាឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើន លើគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ននេះ។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំបន្តវេន វ័យក្មេង សមត្ថភាព បញ្ញាញាណ និងថាមពល បាននឹងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែរក្សា សន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការប្រារពទិវាជាតិនៃការចងចាំឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺបានរៀបចំពិធីសាសនានៅចំពោះមុខស្តូបតំកល់អធិធាតុជាងមួយម៉ឺននាក់ ដែលបានគាស់ចេញពីរណ្តៅសពរួមនៅ មជ្ឍមណ្ឌលប្រល័យពូជសាសន៏ជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រារព្វធ្វើពិធីបង្សុកូលរាប់បាត្រព្រះសង្ឃជារៀងរាល់ឆ្នាំហើយឆ្នាំ២០២៦នេះរាប់បាត្រព្រះសង្ឃចំនួន៨៨អង្គដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៏ក្នុងរបបវាលពិឃាដខ្មែរក្រហមនេះ។ ក្នុងឱកាសនោះដែរក្រុមសឹល្បៈនៃមន្ទីវប្បធម៌និងវិចិត្រសឹល្បៈរាជធានីភ្នំពេញបានសម្ដែងនូវផ្ទាំងទស្សនីយភាពឈុតឆាកពីការកាប់សម្លាប់ការធ្វើទារុណកម្មរបស់ពួកខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់យ៉ាងសាហាវឃោរឃៅព្រៃផ្សៃជាទីបំផុតធ្វើឱ្យអ្នកចូលរួមស្រក់ទឹកភ្នែកថែមទៀតផង៕

You might also like