លោក ស៊ី ជីនពីង និងលោក ពូទីន សាទរទំនាក់ទំនងយុទ្ធសាស្រ្ត ក្នុងជំនួបកំពូល ក្រោយទស្សនកិច្ចលោក ដូណាល់ ត្រាំ
(ប៉េកាំង)៖ នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីចិននិងរុស្ស៉ី បានរួមគ្នាសាទរវឌ្ឍនភាពនៅក្នុងទំនាក់ទំនងយុទ្ធសាស្រ្តទ្វេភាគី ស្របពេលដែលមេដឹកនាំទាំងពីរ ជួបមុខគ្នាបើកកិច្ចប្រជុំកំពូល នៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ជំនួបខាងលើធ្វើឡើងនៅវិមានប្រជាជនចិន ក្រោមការស្វាគមន៍យ៉ាងឱឡារិករបស់លោកប្រធានាធិបតីចិន។ ស្របពេលដែលជំនួបកំពូលនេះកើតមានឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងប៉េកាំង ភាពឆ្លុះបញ្ចាំងព្រមទាំងលទ្ធផលរបស់វា នឹងត្រូវវាយតម្លៃយ៉ាងដិតដល់ ហើយប្រៀបធៀបគ្នាជាក់ជាពុំខាន។
អំឡុងកិច្ចចាប់ផ្តើមនៃជំនួប លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសទាំងពីរ គួរតែផ្តោតលើយុទ្ធសាស្រ្តរយៈពេលវែង និងលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកល ដែលមានយុត្តិធម៌ និងសមហេតុផលជាងមុន។ លោក ស៉ី បានបន្តដូច្នេះថា «មូលហេតុដែលទំនាក់ទំនងចិន-រុស្ស៉ីបានឈានដល់កម្រិតថ្មីនេះ គឺដោយសារតែយើងបានខិតខំធ្វើឱ្យកាន់តែស៉ីជម្រៅ នូវភាពជឿទុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត»។
ចំណែកលោក ពូទីន បាននិយាយថា ទំនាក់ទំនងរុស្ស៉ី-ចិន គឺជាកត្តាដែលកំពុងជួយធានាស្ថិរភាពពិភពលោក។ លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងដូច្នេះថា «ទោះបីប្រឈមមុខជាមួយកត្តាខាងក្រៅដែលមិនអំណោយផលក្តី កិច្ចសហប្រតិបត្តិការ ក៏ដូចជាចំណងទាក់ទងសេដ្ឋកិច្ចរបស់ពួកយើង នៅតែបន្តបង្ហាញភាពស្វាហាប់យ៉ាងល្អ»។
គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចបន្តបន្ទាប់គ្នាយ៉ាងកម្រ មកកាន់ទីក្រុងប៉េកាំង ដោយមេដឹកនាំនៃប្រទេសមហាអំណាចចំនួន២ ដែលខ្វែងគំនិតគ្នាខ្លាំងទាំងផ្នែកនយោបាយ យោធា និងសេដ្ឋកិច្ច ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លើកតម្កើងថាជាការទទួលស្គាល់ឋានៈរបស់ចិនលើឆាកអន្តរជាតិ នៅក្នុងសណ្តាប់ពិភពលោកមួយ ដែលកំពុងបែកខ្ញែកកាន់តែខ្លាំងឡើងៗ៕






