កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះបង្ក្រាបនៅទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារចំនួន២ ពាក់ព័ន្ធបទល្មើស Online Scams រកឃើញជនបរទេសជាង២០០នាក់
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបនៅទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារចំនួន២ ស្ថិតក្នុងបរិវេណសណ្ឋាគារ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យមានជនបរទេសប្រមូលផ្ដុំប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ដោយរកឃើញជនបរទេសជាង២០០នាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តតំណាងលោក អ៊ុំ រាត្រី ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង, អធិការដ្ឋាននគរបាលក្រុង, បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារចំនួន២ ដែលស្ថិតក្នុងបរិវេណសណ្ឋាគារ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យមានជនបរទេសប្រមូលផ្ដុំប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ។
របាយការណ៍បានបញ្ជាក់ទៀតថា ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសប្រមូលផ្ដុំចំនួន២០៦នាក់ (ស្រី២៧នាក់) ក្នុងនោះ៖
*បញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ចំនួន១៣២នាក់ (ស្រី៣នាក់) ២សញ្ជាតិ (ចិន១២៨នាក់ ស្រី៣នាក់ និងភូមា៤នាក់ប្រុស) ដើម្បីសាកសួរ ស្រាវជ្រាវរកជនល្មើសដើម្បីផ្ដន្ទាទោស និងជនរងគ្រោះដើម្បូបន្ដនីតិវិធីបណ្ដេញចេញ។
*បញ្ជូនជនបរទេសចំនួន ៧៤នាក់ (ស្រី២៤នាក់) ទៅផែនជួញដូរ ២៤នាក់ (ស្រី២០នាក់) សង្ស័យពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម , បញ្ជូនទៅផែនព្រហ្មទណ្ឌ ៣៨នាក់ (ស្រី២នាក់) សង្ស័យនៅក្នុងក្រុមជនឆបោក និងបញ្ជូនទៅអធិការក្រុងប៉ោយប៉ែត ១២នាក់ (ស្រី២នាក់)។
ក្រុមការងារបានស្រាវជ្រាវរកឃើញសម្ភារសង្ស័យមួយចំនួន ដែលជាសញ្ញាណ នៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារសន្និដ្ឋានបានថា ទីតាំងនេះជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្រុមការងារ បានសម្រេចបិទសៀលទីតាំងសណ្ឋាគារប្រណិតឈីងស័រ និងអគារចំនួន២ ក្នុងបរិវេណសណ្ឋាគារ ជាបណ្ដោះអាសន្នដើម្បីបន្ដនីតិវិធី៕






