ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តពោធិ៍សាត់
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យពីជីវភាពរស់នៅ និងការបង្កបង្កើនផលដំណាំផ្សេងៗ។
ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម សង្កេតឃើញថាអតីតយុទ្ធជន ជាច្រើនគ្រួសារបានរៀបចំជីវភាពរស់នៅយ៉ាងល្អប្រសើរ ហើយថែមទាំងបានបន្តដាំដុះដំណាំហូបផ្លែជាច្រើនជុំវិញផ្ទះដីឡូត៍របស់ខ្លួន។
ឯកឧត្តម គន់ គីម បានកោតសរសើរពីការខិតខំរបស់អតីតយុទ្ធជនទាំងអស់ ដែលព្យាយាមដាំដុះដំណាំកសិកម្ម ក្នុងការជួយបង្កើនប្រាក់ចំណូលបន្ថែមពីលើប្រាក់សោធន និងការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បានណែនាំដល់ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ត្រូវសម្របសម្រួលក្នុងការប្រមូលផលដំណាំរបស់អតីតយុទ្ធជនតាមខ្នងផ្ទះ ដើម្បីគាំទ្រ និងលើកទឹកចិត្ត ចំពោះកសិកម្មរបស់អតីតយុទ្ធជន សំដៅពង្រីកប្រាក់ចំណូលបន្ថែមដល់គ្រួសារអតីតយុទ្ធជនផងដែរ។
ឯកឧត្តម គន់ គីម ក៏បានជម្រាបដល់អតីតយុទ្ធជន និងក្រុមគ្រួសារថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម តែងតែផ្តល់អនុសាសន៍ណែនាំជាប់ជាប្រចាំដល់ថ្នាក់ដឹកនាំសមាគមតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសសមាជិកទីទ័លលំបាក សំដៅជួយលើកស្ទួយជីវភាពពួកគាត់ឱ្យរស់នៅកាន់តែល្អប្រសើរឡើង៕






