ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ» ដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ» នៅសាលាដំបូងខេត្តកំពង់ស្ពឺ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី មន្ត្រីតុលាការ មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីពន្ធនាគារ និងមន្ត្រីសង្គមកិច្ចទូទាំងខេត្ត។
​សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីក្របខណ្ឌគតិយុត្ត និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ ដល់មន្ត្រីតុលាការ និងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធ។ យន្តការនេះមានគោលដៅធានាដល់ការអប់រំកែប្រែទណ្ឌិតនៅក្នុងសហគមន៍ មុននឹងធ្វើសមាហរណកម្ម (ការវិលត្រឡប់) ចូលក្នុងសង្គមវិញ។
​ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការជាតិ បានសង្កត់ធ្ងន់ថា៖ «ការអនុវត្តយន្តការដោះលែងដោយមានលក្ខខណ្ឌ គឺជាកិច្ចសហការរួមគ្នារវាងស្ថាប័នតុលាការ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ ដើម្បីផ្ដល់ឱកាសដល់ទណ្ឌិតដែលបានកែប្រែខ្លួនពិតប្រាកដ។ ពួកគាត់ត្រូវគោរព និងបំពេញកាតព្វកិច្ចតាមការកំណត់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ»។
​ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានរំលឹកផងដែរថា រាល់ការបំពានលើកាតព្វកិច្ចណាមួយ ស្ថាប័នតុលាការនឹងដកហូតសេចក្តីសម្រេចដោះលែងនេះភ្លាមៗ ហើយនាំខ្លួនទណ្ឌិតនោះមកអនុវត្តទោសបន្តនៅក្នុងពន្ធនាគារវិញ។
You might also like