កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបបានជនជាតិចិន ៥នាក់ ដកហូតអាវុធខ្លី ២ដើម
(ព្រះសីហនុ)៖ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថាមានជនជាតិចិនមួយក្រុមកាន់អាវុធភ្ជង់ជនជាតិចិន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម៉ោងប្រមាណ ២១:០០នាទីយប់ និងដោយអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ។
ប្រតិបត្តិការសមត្ថកិច្ចបានស្នើឲ្យជនសង្ស័យសហការ ប៉ុន្តែជនសង្ស័យមិនសហការ និងបានដកអាវុធ ក៏បណ្តាលឲ្យមានការផ្ទុះអាវុធឡើងមួយប្រាវ។ ទោះយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៥នាក់ រំដោះជនរងគ្រោះ១នាក់ និងដកហូតអាវុធខ្លី ២ដើម និងរថយន្ត ២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីនីតិវិធីបន្ត៕






