សិស្សប្រុសថ្នាក់ទី៩ ចាប់បោចសក់សិស្សស្រីថ្នាក់ទី៨ បោកនឹងឥដ្ឋការ៉ូឡាដល់ក្នុងបរិវេណអនុវិទ្យាល័យវឌ្ឍនៈឈូងលាភ
ខេត្តកណ្តាល៖ ករណីហិង្សាដោយចេតនានេះបានកើតឡើងកាលពី ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណអនុវិទ្យាល័យវឌ្ឍនៈឈូងលាភ ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អាណាព្យាបាលពិតជាមានការក្ដុកក្ដួល និងរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយពីឃើញវីដេអូសកម្មភាពសិស្សប្រុសម្នាក់បានប្រើអំពើហិង្សាដោយចាប់បោចសក់សិស្សស្រីបោកទៅនឹងឥដ្ឋការ៉ូឡាយ៉ាងសាហាវដល់ក្នុងសាលារៀន ដែលបណ្ដាលឲ្យរងរបួសបែកក្បាល និងវៀចខ្ទង់ច្រមុះ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួស្តី អជិតា ភេទ ស្រី អាយុ ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ ដែលទទួលរងរបួសស្នាមបែកក្បាលខាងក្រៅ មានឈាមកក និងវៀចខ្ទង់ច្រមុះ។ ចំណែកជនបង្កឈ្មោះ អឿន ម៉េងហួរ ភេទ ប្រុស, អាយុ ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យជាមួយគ្នា។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះបានទៅទិញទឹកផ្លែឈើជាមួយមិត្តភក្តិ ហើយពេលដើរកាត់មុខជនសង្ស័យដែលកំពុងឈរនៅមុខថ្នាក់ ជនសង្ស័យក៏បានសម្លក់មកលើជនរងគ្រោះក្នុងន័យឌឺដង។ ពេលនោះ ជនរងគ្រោះបានមើលទៅវិញធម្មតា ស្រាប់តែជនសង្ស័យស្រែកសម្លុតថា «ហ្អែងមើលអី?» ហើយមិត្តភក្តិជនរងគ្រោះក៏តបវិញថា «បើយើងសម្លក់គេ គេនឹងសម្លក់យើងវិញបានដែរ»។ ភ្លាមនោះ ជន សង្ស័យបានបបួលជនរងគ្រោះវាយគ្នា តែជនរងគ្រោះមិនតបត ហើយក៏ដើរចុះទៅកន្លែងលក់ដូរនៅខាង ក្រោយសាលារៀន។
លោកអធិការបានបញ្ជាក់ថា មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យបានដើរតាមទៅរួចចង្អុលមុខជនរងគ្រោះរហូតជិតដល់ភ្នែក ទើបជនរងគ្រោះក្រវៀសដៃចេញ។ សកម្មភាពនេះធ្វើឲ្យជនសង្ស័យខឹងសម្បារ ក៏ស្ទុះទៅចាប់បោចសក់ជនរងគ្រោះបោកទៅនឹងឥដ្ឋការ៉ូឡា។ ពេលជនរងគ្រោះស្ទុះងើបមកវិញ ជនសង្ស័យនៅតែបន្តចាប់បោចសក់បោកទៅនឹងឥដ្ឋការ៉ូឡាម្ដងទៀត ទើបមានលោកគ្រូរត់មកជួយចាប់បំបែក និងរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ឲ្យចុះមកនាំខ្លួនយកទៅសាកសួរ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់បោចសក់ជនរងគ្រោះបោកទៅនឹងឥដ្ឋការ៉ូឡាចំនួន ២ដងប្រាកដមែន ដោយសារតែកំហឹងមួយឆាវ។ ជនសង្ស័យកម្លាំងជំនាញបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕






