ចិន ជំរុញឱ្យអាមេរិកគោរពការឯកភាពគ្នារបស់មេដឹកនាំ និងប្រឆាំងការលក់អាវុធឱ្យទៅតំបន់តៃវ៉ាន់

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ​​២១​​​ ឧសភា ​សប្ដាហ៍នេះ ថា ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការផ្លាស់ប្តូរជាផ្លូវការរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ក៏ដូចជាការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់នេះផងដែរ​។
ការ​លើកឡើង​ពីសំណាក់​ប្រទេស​ចិន​​នៅពេលនេះ ​​កើតមានឡើង​បន្ទាប់ពី​​​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកមានឆន្ទៈក្នុងការសន្ទនាជាមួយមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te អំពីលទ្ធភាពនៃការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់។ នៅពេលត្រូវបានសួរថាតើលោកមានផែនការជួបសន្ទនាតាមទូរស័ព្ទជាមួយ​​​លោក Lai មុនពេលធ្វើការសម្រេចចិត្តអំពីការលក់អាវុធដែរឬយ៉ាងណា លោក Trump បាននិយាយថា ​រូបលោក​​នឹងនិយាយជាមួយលោក Lai។រូបលោក​នឹងនិយាយទៅកាន់មនុស្សគ្រប់គ្នា។
អ្នកនាំពាក្យខាងលើ​​​ លោក​ Guo Jiakun បានជំរុញឱ្យសហរដ្ឋអាមេរិកអនុវត្តការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក គោរពការប្តេជ្ញាចិត្ត និងសេចក្តីថ្លែងការណ៍របស់ខ្លួន និងដោះស្រាយបញ្ហាកោះតៃវ៉ាន់ដោយភាពប្រុងប្រយ័ត្នបំផុត។
លោក Guo ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់ក្រុមបំបែកខ្លួន “ឯករាជ្យភាពតៃវ៉ាន់” និងចាត់វិធានការជាក់ស្តែងដើម្បីការពារសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងរក្សាការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។​
គួររម្លឹក​ថា​ ​យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន​ ក្នុងជំនួប​​​​​​កំពូល​​ជាប្រវត្តិសាស្ត្រ​រវាង​​​លោក​​​ប្រធានាធិបតី Xi Jinping និង​​​លោក​ប្រធានាធិបតីអាមេរិក​ Donald Trump ​កាលពី​ថ្ងៃព្រហស្បតិ៍ ១៤ ឧសភា ឆ្នាំ២០២៦ នេះ ​លោក Xi ​ បានព្រមានថា ប្រទេសចិន និងសហរដ្ឋអាមេរិក អាចមានការប៉ះទង្គិចគ្នាមិនខាន ប្រសិនបើបញ្ហាកោះតៃវ៉ាន់មិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវ ទេនោះ៕

You might also like