ទីបំផុត! តុលាការបង្កកទ្រព្យសម្បត្តិលោក នួន នីណារ៉ូ ចំនួន៩ទីតាំង !

ប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបង្ក្រាបបទល្មេីសឆបោកតាមអនឡាញ (online scam ) បានអោយដឹងថា ទ្រព្យសម្បត្តិរបស់លោក នួន នីណារ៉ូ អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បច្ចុប្បន្នជានាយរងសេនាធិការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន ៩ ទីតាំង ត្រូវបានតុលាការបង្កកព្រោះពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ (online scam) ។ ក្រៅពីបង្កកទ្រព្យសម្បត្តិរបស់នួន នីណារ៉ូ ចំនួន ៩ទីតាំង តុលាការក៏បានចេញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ នួន នីណារ៉ូផងដែរ ។ ពេលនេះ នួន នីណារ៉ូ កំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ។

សូមបញ្ជាក់ថាកន្លងមកថ្មីៗនេះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបបទល្មើសឆបោកតាមអនឡាញ នៅក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងមួយកន្លែងដែលមានជនបរទេសជាង ៦០០នាក់ កំពុងប្រព្រឹត្តិបទល្មើសឆបោកតាមអនឡាញ ដកហូតវត្ថុតាងមួយចំនួន ដោយឡែកជនបរទេសជាង ៦០០នាក់ ត្រូវបានបញ្ជូនចេញទៅប្រទេសដេីមវិញ ។ ទីតាំងនោះត្រូវបានគេដឹងថាជារបស់លោក នួន នីណារ៉ូ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
នេះជាសក្ខីភាពមួយបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនអត់ឱន មិនយោគយល់ចំពោះ ម្ចាស់ទីតាំង ឬ បុគ្គលណាដែលបានដឹងហេីយ ឮហេីយ នៅតែបំពានច្បាប់នោះទេ ។ ដូច្នេះសូមម្ចាស់អាគារ ម្ចាស់ទីតាំងទាំងឡាយ មេត្តាចូលរួមសហការជាមួយសមត្ថកិច្ច ជាមួយរាជរដ្ឋាភិបាល ដេីម្បីលុបបំបាត់បទល្មើសឆបោកតាមអនឡាញ (online scam) អោយអស់ពីប្រទេសយើង ។ ជាពិសេសសូមឈប់ជួល ឈប់ផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមអនឡាញ (online scam) ។

You might also like