រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តផែនការ ៥ឆ្នាំ ដំណាក់កាលទី២ ដើម្បីពន្លឿនការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានគុណភាព

ភ្នំពេញ ៖  រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ថា គ.ជ.អ.ប. គណៈកម្មាធិការ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបន្តរុញច្រានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ច មូលដ្ឋាន និងគុណភាពជីវិតប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអំពាវនាវដល់សាធារណជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ចូលរួមគាំទ្រ និងអនុវត្តផែនការនេះឱ្យសម្រេចបានជោគជ័យ។ ផ្អែកលើស្មារតីនៃផែនការថ្មីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ទៅកាន់បណ្ដាតួអង្គពាក់ព័ន្ធ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីការពន្លឿនការផ្ទេរមុខងារ និងថវិកា ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរុញច្រានការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានលឿន ព្រមទាំងបង្កើនការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីមូលដ្ឋាន ដើម្បីធានាការទទួលខុសត្រូវខ្ពស់ ខណៈការលើកកម្ពស់សេវាច្រកចេញចូលតែមួយ តួអង្គពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឱ្យបានលឿន មានតម្លាភាព គ្មានការរើសអើង និងបើកទូលាយឱ្យសាធារណជន និងសង្គមស៊ីវិលចូលរួមតាមដានត្រួតពិនិត្យ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអំពីការពង្រឹងកិច្ចសហការអន្តរក្រសួង ដោយបង្កើនការសម្របសម្រួលរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាថវិកាអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពបំផុត ស្របពេលដែលការចាត់ទុកកំណែទម្រង់ជាស្នូលយុទ្ធសាស្ត្រ គ្រប់តួអង្គត្រូវបន្តដៅយកកំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រោះវាជាប់ពាក់ព័ន្ធផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

​សូមបញ្ជាក់ថា ការដាក់ចេញផែនការ ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព គណនេយ្យភាព និងភាពម្ចាស់ការខ្ពស់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការដាក់ចេញផែនការនេះ ជាការប្រតិបត្តិស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើមូលដ្ឋាននៃមរតកដឹកនាំរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅពីការបម្រើសេវាសាធារណៈ៕

You might also like