ប្រមុខការទូតអាមេរិក និងឥណ្ឌា ជួបពិភាក្សាពីវិបត្តិមជ្ឈិមបូព៌ា ខណៈអាមេរិកបង្ហើបពីវឌ្ឍនភាពនៃជម្លោះជាមួយអ៊ីរ៉ង់

(ញូវដេលី)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ នៅថ្ងៃអាទិត្យនេះ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាម ចៃសានកា (Subrahmanyam Jaishankar) ដោយផ្តោតសំខាន់លើបញ្ហានៅតំបន់មជ្ឈិមបូព៌ា ពាណិជ្ជកម្ម សន្តិសុខដែនសមុទ្រ និងការផ្គត់ផ្គង់ថាមពល។ ជំនួបនេះធ្វើឡើងស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ពីវឌ្ឍនភាពវិជ្ជមាន ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះជាមួយប្រទេសអ៊ីរ៉ង់។

លោក រូប៊ីយ៉ូ បានបង្ហើបថា ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ មានវឌ្ឍនភាពដែលអាចជួយដោះស្រាយភាពតានតឹងនៅច្រកសមុទ្រហ័រមូស ហើយលោកសង្ឃឹមថានឹងមាន «ដំណឹងល្អ» ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់ជំហរដាច់ខាតថា អ៊ីរ៉ង់មិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរឡើយ និងបានថ្កោលទោសការវាយប្រហារលើនាវាពាណិជ្ជកម្មថាជាទង្វើខុសច្បាប់ទាំងស្រុង។ ជាការឆ្លើយតប លោក ចៃសានកា បានគូសបញ្ជាក់ថា ឥណ្ឌាគាំទ្រយ៉ាងពេញទំហឹងចំពោះការធានាសុវត្ថិភាពនាវាចរណ៍ និងបានចាត់ទុកអាមេរិកជាប្រភពផ្គត់ផ្គង់ថាមពលដ៏គួរឱ្យទុកចិត្ត។

ក្រៅពីបញ្ហាសន្តិសុខសកល ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឱ្យបានឆាប់រហ័ស និងការដោះស្រាយបញ្ហាទិដ្ឋាការ (Visa) សម្រាប់ពលករឥណ្ឌាផងដែរ។ លោក រូប៊ីយ៉ូ បានសរសើរឥណ្ឌាថាជា «ដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់អាមេរិកនៅក្នុងពិភពលោក» ខណៈដែលទីក្រុងវ៉ាស៊ីនតោនតែងតែចាត់ទុកទីក្រុងញូវដេលីជាកម្លាំងទប់ទល់នឹងឥទ្ធិពលចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទោះបីជាឥណ្ឌានៅតែប្រកាន់ខ្ជាប់គោលនយោបាយរក្សាទំនាក់ទំនងការទូតឯករាជ្យជាមួយរុស្ស៊ី និងអ៊ីរ៉ង់ក្តី។

គួររំលឹកថា មុនជំនួបជាមួយប្រមុខការទូតឥណ្ឌា លោក រូប៊ីយ៉ូ ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃសៅរ៍ផងដែរ។ ក្នុងឱកាសនោះ តំណាងរដ្ឋបាលអាមេរិករូបនេះ បានពាំនាំនូវការអញ្ជើញផ្លូវការពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីអញ្ជើញលោក ម៉ូឌី ទៅបំពេញទស្សនកិច្ចនៅសេតវិមាន នាពេលខាងមុខនេះ៕

You might also like