អគារកំពុងសាងសង់មួយកន្លែងដួលរលំនៅហ្វីលីពីន សម្លាប់មនុស្សម្នាក់ និង ២១នាក់ទៀតកំពុងបាត់ខ្លួន

(អានហ្សេឡេស)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានបាត់បង់ជីវិត និង ២១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីអគារកម្ពស់ខ្ពស់ដែលកំពុងសាងសង់មួយកន្លែង បានដួលរលំបាក់ស្រុតចុះមកក្រោម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងអានហ្សេឡេស (Angeles) ភាគខាងជើងរដ្ឋធានីម៉ានីល។ ជនរងគ្រោះដែលស្លាប់ ត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនជាតិម៉ាឡេស៊ីអាយុ ៦៥ឆ្នាំម្នាក់ ដែលសាកសពត្រូវបានរកឃើញនៅក្នុងសណ្ឋាគារជិតខាងដែលរងផលប៉ះពាល់ដោយសារការបាក់ស្រុតនេះ។ មន្ត្រីព័ត៌មាននៃកងពន្លត់អគ្គិភ័យតំបន់ បានបញ្ជាក់ថា ក្នុងចំណោមមនុស្ស ២១នាក់ដែលបាត់ខ្លួន មាន ៥នាក់ត្រូវបានបញ្ជាក់ថាបានជាប់គាំងនៅក្រោមគំនរបាក់បែក ខណៈជនរងគ្រោះ ២នាក់ក្នុងចំណោមនោះកំពុងព្យាយាមទាក់ទងមកក្រុមសង្គ្រោះ។
ក្រុមការងារសង្គ្រោះបានប្រើប្រាស់ឆ្កែហិតក្លិន និងឧបករណ៍ចាប់ចង្វាក់បេះដូង ដើម្បីរុករកជនរងគ្រោះបន្ថែមទាំងយប់ ទោះបីជាមានការលំបាកយ៉ាងណាក្តី។ ទន្ទឹមនឹងការបើកការស៊ើបអង្កេត ក្រុមមន្ត្រីបានបង្ហើបថា យោងតាមកំណត់ត្រាអនុញ្ញាត ប្លង់សាងសង់អគារនេះគឺសម្រាប់អគារខុនដូ-សណ្ឋាគារកម្ពស់ត្រឹមតែ ៩ជាន់ប៉ុណ្ណោះ ប៉ុន្តែសំណង់នេះបែរជាលួចសាងសង់អាងហែលទឹកបន្ថែមនៅលើជាន់ទី១០ ទៅវិញ ដែលអាចជាមូលហេតុចម្បងបង្កឱ្យមានការបាក់ស្រុតនេះកើតឡើង៕

You might also like