លោក ស៊ី ជីនពីង រិះគន់ជប៉ុនចំៗចំពោះមុខលោក ត្រាំ រឿងពង្រឹងវិស័យយោធា
ក្នុងជំនួបកំពូលនៅទីក្រុងប៉េកាំងកាលពីពាក់កណ្តាលខែឧសភា មេដឹកនាំចិន លោក ស៊ី ជីនពីង បានបង្ហាញការខឹងសម្បារ និងរិះគន់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការបង្កើនកញ្ចប់ថវិកាយោធា និងការបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ជប៉ុន។
ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានចេញមុខការពារជប៉ុនភ្លាមៗ ដោយពន្យល់ថាការងាកមកពង្រឹងសន្តិសុខជាតិរបស់លោកស្រី Takaichi គឺដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ ភាពតានតឹងរវាងចិន និងជប៉ុន បានហក់ឡើងខ្លាំងបន្ទាប់ពីជប៉ុនបង្ហាញជំហរចង់ជួយការពារតៃវ៉ាន់ ប្រសិនបើមានការវាយលុកពីចិន។ ក្រោយបញ្ចប់ជំនួបជាមួយមេដឹកនាំចិន លោក ត្រាំ ក៏បានជជែកតាមទូរស័ព្ទជាមួយលោកស្រី Takaichi ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ៕






