ស្ត្រីជាម្ដាយបានមកដាក់ពាក្យបណ្តឹងទៅលើឈ្មោះ គុំ ចាន់ថន ភេទប្រុស អាយុ៣៤ឆ្នាំនៅផ្ទះជាមួយគ្នា (ត្រូវជាកូនបង្កើត)ពីបទហិង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ស្ត្រីជាម្ដាយឈ្មោះ ទូច ធឿន អាយុ៦៦ឆ្នាំ នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងទៅលើឈ្មោះ គុំ ចាន់ថន ភេទប្រុស អាយុ៣៤ឆ្នាំនៅផ្ទះជាមួយគ្នា (ត្រូវជាកូនបង្កើត)ពីបទហិង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។
ស្ត្រីជាម្ដាយបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៩និង១០នាទីថ្ងៃខែដដែល គាត់កំពុងនៅផ្ទះ កូនប្រុសរបស់គាត់បានសុំលុយចំនួន៣០,០០០៛(បីម៉ឺនរៀល) ប៉ុន្តែគាត់មិនឲ្យ បណ្ដាលឱ្យកូនមិនសប្បាយចិត្តដោយក្តៅក្រហាយក៏បានបោកសម្ភារ:ក្នុងផ្ទះបណ្តាលឲ្យខូចខាតដូចជា៖
– ចានមួយចំនួន
-ឆ្នាំងសម្ល២
-ឆ្នាំងភ្លើងដាំបាយ១
-ទូទឹកកក១
-ធុងបាស់១ និងសម្ភារ:មួយចំនួនទៀត ហើយកាន់ដាវ កាំបិតផ្គាក់ និងដែកគំរាមម្ដាយមិនអោយចូលផ្ទះ។
នៅវេលាម៉ោង១៧និង២០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រលាំងគ្រើល បានឃាត់កូនអកតញ្ញូនេះមកសាកសួរ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបោកបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះពិតប្រាកដមែន។
ករណីនេះ ជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕






