សម្តេចធិបតី​ ៖ ការលើកលែងទោសឱ្យលោក កឹម សុខា ជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ចាត់ទុកការលើកលែងទោសឱ្យលោក កឹម សុខា ថា ជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦​ខែឧសាភា ឆ្នាំស២០២៦នេះថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែ​ប្រកាន់ខ្ជាប់នូវគោលនយោបាយ​ផ្សះផ្សារ ​បង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ តាម​រយៈ​សិល្បៈនៃការដឹកនាំប្រកបដោយគុណធម៌ និងពោរពេញដោយការ​សណ្តោសប្រោសប្រណី។
ឯកឧត្តម ប៉ែន បូណា បានថ្លែអ​ថា ជាក់ស្តែងការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជិត៣ទសវត្សរ៍ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញ និងការផ្សះ​ផ្សារ​បង្រួមបង្រួមជាតិដ៏ពិតប្រាកដមួយកាលពីចុងឆ្នាំ ១៩៩៨ ដែលអនុញ្ញាតឱ្យខ្មែរគ្រប់និន្នាការ អាចរួមរស់ជាមួយគ្នាក្រោម​ដំបូលរាជរដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងការឯកភាពទឹកដីតែមួយ ក្រោមម្លប់អង្គព្រះមហាក្សត្រ ដែល​មិនធ្លាប់មានរយៈពេល​ជាង៥០០ឆ្នាំចុងក្រោយ បានបង្ហាញច្បាស់ពីសិល្បៈនៃការដឹកនាំដ៏ប៉ិនប្រសប់ និងគុណធម៌កម្រិតខ្ពស់របស់​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានបន្តថា គុណធម៌ដ៏ប្រពៃនេះត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលធ្វើឱ្យ​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃ​គណបក្សប្រជាជនកម្ពុជាទទួលបានការគោរពស្រឡាញ់ និងគាំទ្រពីប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន ដែលធ្វើឱ្យ​គណបក្សប្រជាជនកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាល និងនៅតែជាជម្រើសមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងពេលអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។
​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យ ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីលើកលែងទោសដល់លោក កឹម សុខា តាមសំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទូលថ្វាយ​ព្រះមហាក្សត្រ​។ យោងព្រះរាជក្រឹត្យ​៖ មាត្រា១៖ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើត​ឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស​ដាក់ពន្ធធនាគារកំណត់២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌ​ស្ថាពរលេខ ៧៩០ ក្រ XI អ.ណ ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ មាត្រា២​៖ ការលើកលែងទោសនេះអនុវត្តតែចំពោះទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។ មាត្រា៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ​ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

You might also like