ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ កោះកុង សាងសង់លើផ្ទៃដីជាងពីររយហិកតា នឹងសម្ពោធជាផ្លូវការនៅចុងខែឧសភានេះ
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុងនឹងត្រូវរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយធ្វើការសាងសង់អស់រយៈពេលប្រាំមួយឆ្នាំ ខណៈស្តូបនេះសាងសង់ឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិជាដើមនោះ។
ពិធីសម្ពោធដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុងនឹងធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងមហាជនចូលរួមប្រមាណជាង៦៣០០នាក់។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានកម្ពស់៤៧ម៉ែត្រ និងមានទទឹង៦៦ម៉ែត្រ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣ជាដើម។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង កសាងឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ ហើយក៏ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារជាតិមាតុភូមិ ប្រទេសជាតិ ក្នុងយុគសម័យភ្លើងសង្គ្រាមនោះ។
គោលគំនិតនៃការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបឈ្នះឈ្នះ កោះកុង ជាផ្លូវការនាពេលនេះ គឺដើម្បីផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះដែលបានផ្តួចផ្តើមឡើងដោយមគ្គុទេសឯកគឺសម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា បញ្ជៀបដល់សាធារណជនឬប្រជាជនខ្មែរទាំងមូលឱ្យបានយល់ជ្រួតជ្រាបតាមរយៈការបង្កើតជាទម្រង់សិល្បៈ បញ្ចេញជាសារតាមរយៈរចនាបថនៃសំណង់ស្ថាបត្យកម្ម និងការបង្កើតជាចម្លាក់រឿងជាដើម ហើយមួយវិញទៀតតាមរយៈវិធីសាស្ត្រថ្មីមួយ ក្នុងការធ្វើឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់អំពីតម្លៃសន្តិភាព ដែលទទួលបានតាមរយៈនយោបាយឈ្នះ ឈ្នះ អស់រយៈពេល២៨ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៦៕






