រយៈពេល២ថ្ងៃ នៃប្រតិបត្តិការទ្រង់ទ្រាយធំ, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ចុះត្រួតពិនិត្យ១២៤ទីតាំង រកឃើញជនបរទេសជិត៧០០នាក់ តែលទ្ធផលពុំមានបទល្មើស Online Scams នោះឡើយ

(រតនគិរី)៖ រយៈពេល២ថ្ងៃ នៃប្រតិបត្តិការទ្រង់ទ្រាយធំ ឆែកឆេរ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ ខេត្តរតនគិរី បានចុះត្រួតពិនិត្យ ទីតាំងសរុបចំនួន ១២៤ទីតាំង និងបានត្រួតពិនិត្យជនបរទេសសរុប ៦៦១នាក់ (ស្រី១៤នាក់) ជាលទ្ធផលពុំមានបទល្មើស នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងរយៈពេល ០២ថ្ងៃចុងក្រោយនេះ ក្រោម បញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៩ ចុះប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរ ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៩។

រដ្ឋបាលបានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ជាលទ្ធផល ចាប់ពីថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៦ ទទួលបានដូចជា៖ បានប្រើប្រាស់កម្លាំងចម្រុះ សរុបចំនួន ៣១៤នាក់, បានចុះត្រួតពិនិត្យទីតាំងសរុបចំនួន ១២៤ ទីតាំង, បានត្រួតពិនិត្យជនបរទេសសរុបចំនួន ៦៦១ នាក់ (ស្រី ១៤ នាក់) ក្នុងនោះរួមមាន៖ ជន ជាតិចិន ជនជាតិវៀតណាម ជនជាតិកូរ៉េខាងត្បូង ជនជាតិឥណ្ឌា និងជនជាតិម៉ាឡេស៊ី, បន្ទាប់ពីសមត្ថកិច្ចជំនាញបានឆែកឆេរ ត្រួតពិនិត្យ (ទីតាំង សម្ភារ និងមនុស្ស) ក្រោមការសម្របសម្រួល នីតិវីធីច្បាប់ពីតំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី រួចមកឃើញថា ពុំមានវត្តមាននៃបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ។

កិច្ចសហប្រតិបត្តិការនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ នឹងបន្តចុះជាប់ជាប្រចាំដូចភ្លៀងរលឹម។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុង ខេត្តរតនគិរី ចូលរួមសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការផ្តល់ព័ត៌មានអំពីកន្លែងដែលសង្ស័យថា អាច មានការលាក់ខ្លួនរបស់ក្រុមឧក្រឹដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនទាំងនោះយកមកផ្ត ន្ទាទោសតាមច្បាប់ជាធរមាន៕

You might also like