មេទ័ពកម្ពុជា-ចិន ជួបពិភាក្សាគ្នាដើម្បីរៀបចំសមយុទ្ធនាគមាស ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន លើទឹកដីកម្ពុជា
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធនាគមាសភាគីកម្ពុជា ឆ្នាំ២០២៦ នៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យក្រុមការងាររៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ របស់កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) នាយករង នាយកដ្ឋានហ្វឹកហ្វឺន សេនាធិការដ្ឋានចម្រុះ តំបន់យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអបអរសាទរ និងស្វាគមន៍ចំពោះដំណើរបំពេញការងាររបស់ក្រុមការងារសិក្សារៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ កងទ័ពរំដោះប្រជាជនចិននៅលើទឹកដីនៃប្រទេសកម្ពុជា។ ក្រុមការងារដែលបានមកកាន់កម្ពុជា ដើម្បីជួបពិភាក្សាគ្នាសម្រាប់ដំណើរការសិក្សាត្រៀមរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ គឺជាការងារមួយដែលភាគីកងទ័ពទាំងពីរ ដែលតែងតែរៀបចំធ្វើការពិភាក្សាគ្នាឡើងជារៀងរាល់ឆ្នាំ មុនពេលដំណើរការជាផ្លូវការនៃសមយុទ្ធនេះ។ លើការត្រៀមទាំងផែនការ ខ្លឹមសារ អត្ថន័យ និងទីកន្លែង គ្រឿងបំពាក់ ដើម្បីត្រៀមរៀបចំសមយុទ្ធរវាងកងទ័ពទាំងពីរប្រកបដោយលទ្ធផលកាន់តែល្អប្រសើរ។






