ក្រសួងកសិកម្មកម្ពុជាបានទទួលការកោតសរសើរពីសំណាក់អ្នកវិទ្យាសាស្ត្រកំពូលលំដាប់ពិភពលោក ចំពោះជោគជ័យដ៏ធំធេងក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ
======================
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតពីសំណាក់អ្នកវិទ្យាសាស្ត្រកំពូលផ្នែកសត្វផ្សោតទឹកសាបលំដាប់ពិភពលោក មកពីប្រទេសចិន ចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ និងជោគជ័យជាក់ស្តែងនៃការងារគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ (Irrawaddy Dolphins) ដែលកំពុងធ្វើឱ្យចំនួនសត្វផ្សោតកម្ពុជាមាននិន្នាការកើនឡើង និងមានសុវត្ថិភាពខ្ពស់។
ការថ្លែងកោតសរសើរដ៏មានតម្លៃនេះលើកឡើងដោយ លោកសាស្ត្រាចារ្យ បណ្ឌិត វ៉ាង ឌីង (Professor Dr. Wang Ding) អ្នកជំនាញការជាន់ខ្ពស់មកពីវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោកសាស្ត្រាចារ្យបានបញ្ចប់ដំណើរទស្សនកិច្ចសិក្សា និងវាយតម្លៃផ្ទាល់នៅតំបន់ស្នូលអភិរក្សសត្វផ្សោត ក្នុងខេត្តក្រចេះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា។
លោកសាស្ត្រាចារ្យ បណ្ឌិត វ៉ាង ឌីង ដែលពិភពលោកស្គាល់ច្បាស់ថាជាវីរៈបុរសផ្នែកវិទ្យាសាស្ត្រ ដែលបានតស៊ូរហូតជំរុញឱ្យមានបម្រាមនេសាទប្រវត្តិសាស្ត្រ ១០ឆ្នាំ នៅទន្លេយ៉ង់សេ (Yangtze) ដើម្បីសង្គ្រោះសត្វផ្សោតគ្មានព្រុយខ្នង បានមានប្រសាសន៍រំលេចពីចំណុចខ្លាំងរបស់កម្ពុជាលើមុំសំខាន់ៗចំនួនពីរ៖ ទី១. ការកើនឡើងនៃចំនួនសត្វផ្សោតជារួម៖ ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីជម្រក និងការយល់ដឹងស៊ីជម្រៅពីជីវវិទ្យារបស់សត្វផ្សោតពីសំណាក់អាជ្ញាធរជំនាញ។ និង ទី២. គ្មានករណីស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់៖ លោកសាស្ត្រាចារ្យបានចាត់ទុកលទ្ធផលនេះថាជា «សមិទ្ធផលដ៏អស្ចារ្យ» ដែលកើតចេញពីការប្តេជ្ញាចិត្តខ្ពស់ និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ រហូតអាចកាត់បន្ថយជាអតិបរមា ការប្រើប្រាស់មង និងឧបករណ៍ឆក់នៅក្នុងតំបន់ការពារស្នូល ដែលជាឃាតករលាក់មុខសម្លាប់សត្វផ្សោតទឹកសាបកន្លងមក។
ជាការឆ្លើយតប លោកជំទាវ អ៊ឹម រចនា បានចាត់ទុកការទទួលស្គាល់ពីលោកសាស្ត្រាចារ្យបណ្ឌិត វ៉ាង ឌីង ដែលជាអ្នកវិទ្យាសាស្ត្រដែលមានឥទ្ធិពលលំដាប់អន្តរជាតិលើការងារអភិរក្សសត្វផ្សោតទឹកសាប ថាជាសក្ខីភាពបញ្ជាក់ថា យុទ្ធសាស្ត្រអភិរក្សរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការគាំទ្រនិងចង្អុរបង្ហាញពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា និងអគ្គនាយកដ្ឋានជលផល គឺកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ និងមានស្តង់ដារខ្ពស់ ដែលអាចជាគំរូដល់បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ ដែលមានវត្តមានសត្វផ្សោតទឹកសាប៕






