ប្រជាពលរដ្ឋបាននាំគ្នាភ្ញាក់ផ្អើលដោយសារតែបានឃើញភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋ ដោយមានអណ្ដាតភ្លើងឡើងក្រហមច្រាល នៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋបាននាំគ្នាភ្ញាក់ផ្អើលដោយសារតែបានឃើញភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋ ដោយមានអណ្ដាតភ្លើងឡើងក្រហមច្រាល គ្មាននរណាម្នាក់ហានទៅជិតនោះទេ ។ ចំពោះហេតុការណ៍នេះ បានកើតឡើង នៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ជាមួយនោះគេបានឃើញរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿងបានមកអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ដើម្បីការពារកុំឲ្យបង្កមហន្តរាយធំ ។

មុនហេតុការណ៍កើតឡើងគេបានឃើញបុរសឈ្មោះ ដែន កំពុងតែអង្គុយនៅក្រោមផ្ទះឈើរបស់ខ្លួន គ្រានោះ ស្រាប់តែមានអគ្គិភ័យបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ។ ដោយភ្លើងបានឆេះឡើងរួញសក់បុរសឈ្មោះ ដែន រត់ចេញពីក្រោមផ្ទះទៅកាន់កន្លែងសុវត្ថិភាពទាំងមិនចង់ទាន់ ហើយភ្លើងឆេះរាលដាលទៅផ្ទះទី២ ជាឪពុករបស់ខ្លួនឈ្មោះ ជិន សាម៉ន ដែលជាអតីតយុទ្ធជន ឃើញសភាពភ្លើងឆេះខ្លាំងបែបនេះប្រជាពលរដ្ឋរាយការណ៍មកប៉ុស្តិ៍រដ្ឋបាល និងទៅកាន់លោកអធិការនគរបាលស្រុកចំការលើ ដើម្បីសុំអន្តរាគមន៍រថយន្តបាញ់ទឹកមកជួយពន្លត់។
ក្រោយពីទទួលបានព័ត៌មានវិទ្យុទាក់ទងលោកអធិការនគរបាលស្រុកបានដឹកនាំកម្លាំងដោយបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកដែលប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ជាមួយនោះលោកស្នងការនគរបាលខេត្តក៏បានឲ្យរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់ ដែលមានចំនួន៤គ្រឿង ក្រោមការយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចរួមទាំងអាជ្ញាធរមូលដ្ឋានបានធ្វើឲ្យភ្លើងដែលឆាបឆេះនោះបានរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១០:៤០នាទី ព្រឹក ។
ចំពោះលំនៅឋានដែលបានបាត់បង់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះក្នុងនោះរួមមានៈ ១. ម្ចាស់ផ្ទះឈ្មោះ ជិន សាម៉ន ភេទប្រុស អាយុ ៧៣ឆ្នាំ ជាតិខ្មែរ នៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខូចខាតផ្ទះឈើប្រកក្បឿង ទទឹង៦ម៉ែត្រ×បណ្ដោយ ១១ម៉ែត្រ ទាំងស្រុងលុយចំនួន ៥.០០០.០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន ។ ២. ម្ចាស់ផ្ទះឈ្មោះ ជិន ដែន ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ នៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយខូចខាតផ្ទះឈើប្រកក្បឿង ទទឹង៥ម៉ែត្រ×បណ្ដោយ ៧ម៉ែត្រ ទាំងស្រុងលុយចំនួន១០.០០០.០០០រៀល និងសម្ភារះប្រើប្រាស់មួយចំនួន ។
៣. ម្ចាស់ផ្ទះឈ្មោះ ហែម ជិន ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ នៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខូចខាតផ្ទះឈើប្រកក្បឿង ទទឹង ៨ម៉ែត្រXបណ្ដោយ ១២ម៉ែត្រ ក្ដារជញ្ជាំង និងសម្ភារះប្រើប្រាស់មួយចំនួន ។ ករណីខាងលើ មិនបណ្ដាលអោយរបួសដល់មនុស្សសត្វនោះឡើយ ។ កិច្ចប្រតិបត្តិការណ៍នេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ស្រុកចំការលើ ស្រុកកំពង់សៀម,ស្រុកព្រៃឈរ,ស្នងការខេត្ត អស់ទឹកចំនួន ០៣រថយន្ត មូលហេតុតាមការសន្និដ្ឋានបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

You might also like