សមត្ថកិច្ច បង្ក្រាប ជនបរទេស ១៣២ នាក់ នៅ អគារ G99 ក្រុងប៉ោយប៉ែត ពាក់ព័ន្ធ បទល្មើស ឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា
ក្រុងប៉ោយប៉ែត : កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបន្តចុះត្រួតពិនិត្យទីតាំងចំនួន៣ ដែលសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។
ការបង្ក្រាបនេះធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ ជាប្រធានដឹកនាំប្រតិបត្តិការ។ នៅថ្នាក់ខេត្ត លោក លៀម សូដា អភិបាលរងខេត្ត ក៏បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត និងការសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងផងដែរ។
ទីតាំងទាំងនោះស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លទ្ធផលនៃការត្រួតពិនិត្យនៅទីតាំងទី៣ គឺអគារ G99 ដែលស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សមត្ថកិច្ចបានរកឃើញ និងបង្ក្រាបជនបរទេសចំនួន ១៣២ នាក់ ព្រមទាំងដកហូតសម្ភារវត្ថុតាងសង្ស័យមួយចំនួនដែលប្រើប្រាស់ក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជនបរទេស រួមទាំងជនជាតិខ្មែរ ដែលនៅទីតាំងនោះ សរុបចំនួន ១៥២ នាក់ (ស្រី ៤៦ នាក់) ក្នុងនោះជនជាតិខ្មែរមាន ៨ នាក់ (ស្រី) ត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលកងវ៉ា ដើម្បីបន្តនីតិវិធី៕






