គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ រកឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១៦នាក់
(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រខណ្ឌ។
ជាក់ស្តែង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះត្រួតពិនិត្យរដ្ឋបាលតាមអនុក្រឹត្យលេខ០៣ ចំនួន០២ទីតាំង ដូចខាងក្រោម៖
*១- បុរីអាម៉ូរី ស្ថិតនៅភូមិរោងចក្រ១ សង្កាត់គោកឃ្លាង
ក្រុមការងារ ចម្រុះត្រួតពិនិត្យ រកឃេីញមាន ជនជាតិចិន ចំនួន ០៦នាក់ (ស្រីចំនួន ០១នាក់) មានលិខិតឆ្លងដែនចំនួន ០៣នាក់ (ផុតទិដ្ឋាការ០២នាក់) និងគ្មានលិខិតឆ្លងដែនចំនួន ០៣នាក់។ យោងតាមធ្វើកោសល្យវិច្ឆ័យពីមន្រ្តីជំនាញ នៃការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា ឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ចំពោះជនបរទេស និងសម្ភារវត្ថុតាងខាងលើ សម្រេចប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ចំពោះទីតាំងសម្រេចបិទឃ្លុំជាបណ្ដោះអាសន្ន។
*២- សណ្ឋាគារ រ៉ូសហ្គាឌិន ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី
ក្រុមការងាររកឃើញជនបរទេសស្នាក់នៅខុសច្បាប់សរុបចំនួន១០នាក់។ ក្នុងនោះ ជនជាតិចិន ចំនួន៨នាក់ (គ្មានលិខិតឆ្លងដែន ០៣នាក់ ផុតទិដ្ឋាការ ០២នាក់ និងកាន់លិខិតឆ្លងដែនក្លែងក្លាយ ០៣នាក់)។ ជនសង្ស័យទាំង ០៨នាក់ បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។ ដោយឡែកជនជាតិចិន ចំនួន០២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរបន្ត៕






