សមាជិកក្រុមប្រឹក្សាខេត្តម្នាក់ លើកឡើងបញ្ហាអគ្គិសនីនៅខេត្តព្រះវិហារ ខណៈប្រជាពលរដ្ឋជាច្រើនត្អូញត្អែរពីការដាច់ភ្លើង និងខូចសម្ភារៈប្រើប្រាស់
(ព្រះវិហារ)៖ លោកស្រី មុន្នី កុសម៉ា សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយបង្ហាញក្តីបារម្ភចំពោះបញ្ហាអគ្គិសនីក្នុងខេត្តព្រះវិហារ ដែលកំពុងបង្កផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្រោយការបង្ហោះសារនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងក្រុងព្រះវិហារ បានចូលរួមបញ្ចេញមតិគាំទ្រ និងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពាក់ព័ន្ធនឹងបញ្ហាភ្លើងអគ្គិសនី។ ពួកគេបានលើកឡើងថា ការដាច់ភ្លើងញឹកញាប់ និងការប្រែប្រួលតង់ស្យុងអគ្គិសនី បានធ្វើឱ្យសម្ភារៈអគ្គិសនី និងឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារជាច្រើនរងការខូចខាត។
ប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរថា សូម្បីតែពេលមេឃគ្រាន់តែខ្មៅ ឬមានសញ្ញាថាអាចនឹងភ្លៀង ក៏មានការផ្អាកផ្គត់ផ្គង់អគ្គិសនីជាបន្តបន្ទាប់ ដែលបង្កការលំបាកដល់ជីវភាពរស់នៅ និងការប្រកបរបររកស៊ីប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោកស្រី មុន្នី កុសម៉ា ក៏បានបង្ហាញជំហរថា លោកស្រីនឹងធ្វើការតស៊ូមតិ និងលើកយកកង្វល់របស់ប្រជាពលរដ្ឋទៅជម្រាបជូនដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងឆ្លើយតបទៅនឹងការលំបាកដែលប្រជាពលរដ្ឋកំពុងជួបប្រទះ។
ការលើកឡើងរបស់លោកស្រី បានក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ខណៈប្រជាពលរដ្ឋជាច្រើនសង្ឃឹមថា បញ្ហាអគ្គិសនីនៅក្នុងខេត្តព្រះវិហារ នឹងត្រូវបានយកចិត្តទុកដាក់ដោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវសេវាផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាព និងគុណភាពល្អជូនប្រជាពលរដ្ឋ៕






