កម្ពុជា ពង្រឹងសមត្ថភាពការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់មន្ត្រីរាជការ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឌីជីថល តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងការ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ ​និង​ការ​ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិ​ខិត​ថ្លែង​អំណរ​គុណ​ជូន​​មន្ត្រី​រាជ​ការ​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាលជំនាញឌីជីថល និង AI ព្រមទាំងការផ្តល់កិត្តិយស​ដល់​មន្ត្រី​រៀម​ច្បងឆ្នាំ​១៩៧៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា បច្ចេក​វិទ្យា​កំពុង​មាន​ការ​រីកចម្រើនយ៉ាងលឿនរហ័សនឹងបានឈានចូលដល់យុគសម័យ បញ្ញាសិប្បនិម្មិត (AI) និង​ជា​ពិសេសបច្ចេកវិទ្យា Generative AI ព្រមទាំងម៉ូដែលភាសាទូលាយ (Large Language Models) ​មិនមែនជាប្រធានបទវិទ្យាសាស្ត្រដែលនៅឆ្ងាយពីយើង ឬជារឿង​នឹក​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត​ទៀត​ឡើយ,​ ផ្ទុយមកវិញ បច្ចេកវិទ្យានេះ បានចូលមកដល់និងកំពុង​ផ្លាស់​ប្តូរ​ទម្រង់​ការ​ងារ​យ៉ាង​ឆាប់​រហ័សជាទីបំផុត ទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ជាដើ​ម។ ដូច្នេះថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ត្រូវចាប់យកនិងរៀនប្រើប្រាស់ បញ្ញា​សិប្ប​និម្មិត ​(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិ​ទ្យាជាជំនួយ។
ឯកឧត្តមបានបញ្ជាក់ថា ការប្រើប្រាស់ AI លែងជាជម្រើស ប៉ុន្តែជាភាពចាំបាច់។ ទោះ​ជា​យ៉ាង​ណា ​ការ​ប្រើប្រាស់បច្ចេកវិទ្យានេះត្រូវតែប្រកបដោយការទទួលខុសត្រូវ ដោយផ្តោត​លើ​គោល​ការណ៍​​សំខាន់​ចំនួន​បី គឺការការពារការសម្ងាត់ទិន្នន័យ ការផ្ទៀងផ្ទាត់ព័ត៌មានមុនប្រើប្រាស់ និង​ការ​​ទទួលខុសត្រូវរបស់មនុស្សលើលទ្ធផលការងារ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មន្ត្រីគ្រប់វ័យឱ្យបន្តសិក្សា និងអភិវឌ្ឍសមត្ថភាពឌីជីថល ដោយ​បញ្ជាក់ថា អាយុមិនមែនជាឧបសគ្គនៃការរៀនបច្ចេកវិទ្យាថ្មីៗនោះទេ ប៉ុន្តែឆន្ទៈ និង​ការ​បើក​ចិត្ត​ទទួល​យកចំណេះដឹងថ្មី ទើបជាកត្តាសំខាន់។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសម្តែងការកោតសរសើរចំពោះមន្ត្រីរៀមច្បង ដែល​បាន​រួម​ចំណែក​កសាង និងអភិវឌ្ឍស្ថាប័នអស់រយៈពេលជាច្រើនទសវត្សរ៍ ដោយ​ចាត់​ទុក​ការ​ផ្សារ​ភ្ជាប់​រវាង​បទ​ពិសោធរបស់រៀមច្បង និងភាពច្នៃប្រឌិតរបស់យុវជន ជាកម្លាំងសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ស្ថាប័ន​ប្រកប​ដោយនិរន្តរភាព។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថាថា ក.ប.ទ. ក្នុង​នា​ម​ជា​ក្រសួង​មាន​សមត្ថកិច្ច​ដឹក​នាំ​បច្ចេក​វិទ្យាឌីជីថល ត្រូវនាំមុខ និងធ្វើជាគម្រូដល់ក្រសួង ស្ថាប័នផ្សេងទៀត ក្នុងការចាប់​យក​បច្ចេក​វិទ្យា AI ពោលគឺការទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យានេះ ព្រមទាំង​ការ​យល់​ដឹង​ពី​ហានិភ័យផងដែរ។ ក្នុងន័យ ការរៀបចំវគ្គបណ្ដុះបណ្ដាល AI សម្រាប់ថ្នាក់ដឹកនាំ និង​មន្ត្រី ក.ប.ទ. គឺមានសារៈសំខាន់បំផុត។
ជាទិសដៅបន្ត ក្រសួងនឹងពង្រីកការបណ្តុះបណ្តាល AI ទៅកាន់មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន និង​អ្នក​សារព័ត៌មាន ព្រមទាំង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​យុទ្ធ​សាស្ត្រ​ជំរុញ​ការ​អភិវឌ្ឍ​បញ្ញា​សិប្ប​និម្មិត ដើម្បីរួមចំណែកកសាងមូលធនមនុស្សឌីជីថល និងលើ​ក​កម្ពស់​ប្រសិទ្ធ​ភាព​សេវា​សាធារណៈ​​នៅ​​កម្ពុជា៕

You might also like