ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់វិស័យឯកជន ពិសេសសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការលើកស្ទួយវិស័យទេសចរណ៍ជាតិ ខណៈឯកឧត្ដមបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមធ្វើជា «ទូតសុច្ឆន្ទៈ» ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការបង្កើតសមាគមទេសចរណ៍កម្ពុជា (CATA) នារាត្រីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ អង្គទូតបរទេស ថ្នាក់ដឹកនាំសមាគម និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ក្នុងសុន្ទរកថាអបអរសាទរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាក់ស្ដែងជាច្រើនរបស់ CATA ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។
ឯកឧត្ដមបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ និងសមាជិក CATA គ្រប់ជំនាន់ បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយសមាគមមួយនេះ ទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពប្រកួតប្រជែងខ្ពស់ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។
ជុំវិញភាពជាដៃគូនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា៖ “រាល់សមិទ្ធផលទាំងអស់ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍។ ភាពជាដៃគូដ៏រឹងមាំនេះ នឹងបន្តជាកម្លាំងចលករជំរុញការរីកចម្រើននៃវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជា ‘មាសបៃតង’ និងជាការនាំចេញនៅនឹងកន្លែង ដែលរួមចំណែកបង្កើតការងារ បង្កើនចំណូល និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថានរបស់យើង”។
ទន្ទឹមនឹងនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគោលគំនិតនៃការប្រើប្រាស់ «អំណាចទន់» (Soft Power) ដោយបានចាត់ទុកប្រជាពលរដ្ឋខ្មែរគ្រប់រូប គឺជាទូតសុច្ឆន្ទៈ និងជាតំណាងអត្តសញ្ញាណជាតិ។ ឯកឧត្ដមបានលើកទឹកចិត្តឱ្យមានការចូលរួមពង្រីកអំណាចទន់នេះ តាមរយៈការផ្សព្វផ្សាយពីលក្ខណៈពិសេស និងភាពល្អផូរផង់នៃវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដើម្បីបង្កើនភាពទាក់ទាញទាំងភ្ញៀវទេសចរ និងការវិនិយោគ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹក និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តជំរុញការប្រើប្រាស់សក្តានុពលទេសចរណ៍ឱ្យបានពេញលេញ ពិសេសត្រូវត្រៀមខ្លួនផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុត ដើម្បីស្វាគមន៍គណៈប្រតិភូមកពីជាង ៩០ ប្រទេស ក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ខាងមុខនេះ ដែលនេះជាឱកាសមាសក្នុងការបង្ហាញកិត្យានុភាពកម្ពុជាទៅកាន់ពិភពលោក៕






