កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបជនបង្កហិង្សា កាន់កាំបិតផ្គាក់ដេញកាប់គេឯងពេញផ្លូវ
(កំពង់ស្ពឺ)៖ នៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជាមួយកម្លាំងអន្តរាគមន៍ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានចុះបង្រ្កាប និងឃាត់ខ្លួនជនបង្កហិង្សាម្នាក់ ដែលបានកាន់កាំបិតផ្គាក់ដេញកាប់គេឯងពេញផ្លូវ បង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ប្រតិបត្តិការនេះ បានធ្វើឡើងភ្លាមៗ ក្រោយពីទទួលបានការប្តឹងពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍ Hotline 1292។ ករណីបង្កហិង្សានេះ បានកើតឡើងនៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោមបទបញ្ជាផ្ទាល់ ពីលោកឧត្តមេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការស្រុក កម្លាំងអាវុធហត្ថបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ជិន ភារិន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ច ក៏បានដកហូតវត្ថុតាងជាកាំបិតផ្គាក់ចំនួន ០១ដើម ដែលជនសង្ស័យបានប្រើប្រាស់ក្នុងការធ្វើសកម្មភាព។
ជនសង្ស័យរួមជាមួយនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីច្បាប់៕






