គោព្រៃកម្ពុជារបូត ៣ពិន្ទុ ក្រោយចាញ់សិង្ហបុរីចុងម៉ោង ក្នុងប្រកួតបើកឆាកពានរង្វាន់បាល់ទាត់អាស៊ាន ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យនៅចុងម៉ោង ១-២ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ ទល់ក្រុមជម្រើសជាតិសិង្ហបុរី នៅរាត្រីថ្ងៃសុក្រនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួតដំបូង ក្នុងពូល A កីឡាករ Shawal Anuar បានស៊ុតគ្រាប់នាំមុខឲ្យសិង្ហបុរី ១គ្រាប់មុន នៅនាទី២២ មុនកីឡាករ អ៊ុក សុវណ្ណ រកបានគ្រាប់តាមស្មើឲ្យក្រុមគោព្រៃកម្ពុជា នៅនាទី៥៥ ហើយលទ្ធផលនេះ បានអូសបន្លាយដល់ចុងម៉ោង ទើបកីឡាករ IIhan Fandi រកបានគ្រាប់ជ័យជម្នះឲ្យសិង្ហបុរី នៅនាទី៩០+១២។
ក្រោយរបូត ៣ពិន្ទុក្នុងដី ក្រុមគោព្រៃកម្ពុជា នឹងត្រូវចេញដំណើរទៅឥណ្ឌូនេស៊ី ដើម្បីត្រៀមការប្រកួតបន្ទាប់ ជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដាខាងមុខ មុនត្រឡប់មកបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិទីម័រខាងកើត វិញម្ដង នាថ្ងៃទី៣ ខែសីហា មុនធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕






