កសិដ្ឋានចិញ្ចឹមជ្រូក២កន្លែង នៅកំពត រកឃើញល្មើសច្បាប់បរិស្ថាន និងបង្កក្លិនស្អុយ

(កំពត)៖ មន្ត្រីជំនាញក្រសួងបរិស្ថានបានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ២កន្លែង នៅក្នុងភូមិសាស្ត្រឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ការរកឃើញនេះធ្វើឡើងបន្ទាប់ពីក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន រួមជាមួយមន្ទីរបរិស្ថានខេត្តកំពត បានចុះត្រួតពិនិត្យកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
កសិដ្ឋានទាំងពីររួមមាន កសិដ្ឋានចិញ្ចឹមជ្រូក ហែម ម៉ាច និងកសិដ្ឋានចិញ្ចឹមជ្រូក អ៊ុត ប៊ុនហេង ដែលត្រូវបានរាយការណ៍ថា បានបង្កក្លិនស្អុយ និងបង្ហូរសំណល់កខ្វក់ប៉ះពាល់ដល់ដីស្រែ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
តាមការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញថា កសិដ្ឋាន ហែម ម៉ាច បានបង្ហូរសំណល់រាវចេញពីស្រះស្តុកចូលដីស្រែប្រជាពលរដ្ឋ បង្កក្លិនស្អុយ និងបានដំណើរការអាជីវកម្មដោយពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។
ចំណែកឯកសិដ្ឋាន អ៊ុត ប៊ុនហេង ក៏បានបង្កឱ្យមានក្លិនស្អុយភាយចេញពីរោងចិញ្ចឹមជ្រូក និងដំណើរការអាជីវកម្មដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងដូចគ្នា។
ជាវិធានការ ក្រសួងបរិស្ថានបានតម្រូវឱ្យកសិដ្ឋានទាំងពីរត្រូវបិទភ្ជិតចំណុចប្រសព្វជាមួយប្រឡាយសាធារណៈក្បែរកសិដ្ឋានជាបន្ទាន់ ធ្វើការសម្អាតរោងជ្រូក និងរកវិធីសាស្ត្របំបាត់ក្លិន។
លើសពីនេះ កសិដ្ឋានត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដាក់ជូនក្រសួងពិនិត្យ និងផ្តល់យោបល់។ ករណីមិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺជាការល្មើសនឹងមាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ការបញ្ចេញសំណល់រាវចូលដីស្រែប្រជាពលរដ្ឋ ល្មើសនឹងមាត្រា១៥៦ និងការបង្កក្លិនស្អុយ ល្មើសនឹងមាត្រា១៦១ នៃក្រមដដែល។ ក្រសួងក៏បានតម្រូវឱ្យកសិដ្ឋានទាំងពីរផ្តល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថានផងដែរ ដើម្បីធានាបាននូវបរិស្ថានស្អាត និងការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋ។

You might also like